ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបានបន្តិច

ភ្នំពេញ៖ បុរសម្នាក់ខណៈកំពុងសាងសង់រោងសម្រាប់លក់ដូរ ហើយបានឡើងលើដំបូលប្រក់សង្ក័សី ដោយមិនបានប្រយ័ត្ន ដោយលើកសង្ក័សីប៉ះចំខ្សែភ្លើងឆក់ស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពទ្យបានតែបន្តិច។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ខដង្កោ រាជធានីភ្នំពេញ។

 

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញបុរសជា ជនរងគ្រោះបានមកធ្វើរោងសម្រាប់លក់ដូរនៅកន្លែងកើតហេតុ និងមានក្មួយគាត់ម្នាក់ទៀតជាអ្នកហុច និងរូបគាត់ជាអ្នកឡើងប្រក់ដំបូល។ ធ្វើការបានបន្តិចក្រោយមកគាត់លើក សង្ក័សីមកប្រកបង្ហើយ ហើយពេលលើកសង្ក័សីនោះ ស្រាប់តែប៉ះជាមួយនិងខ្សែភ្លើងដែលបានរត់នៅតាមផ្លូវជាតិលេខ៣ បណ្តាលឲ្យឆក់ជនរងគ្រោះជាប់និងដំបូលនោះតែម្តង។ ដោយឃើញសភាពបែបនេះប្រជាពលរដ្ឋក៏បាននាំគ្នាឡើងជួយយកគាត់ចេញនិងជួយសង្គ្រោះបឋមព្រមទាំងបានហៅរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកពងទឹកដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ ។

 

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបានតែបន្តិចក៏ស្លាប់ទៅ ធ្វើឲ្យក្រុមគ្រួសារទ្រហោរយំសោកស្តាយខ្លាំង។ ជនរងគ្រោះមានឈ្មោះ រឹទ្ធ គឹមសាន្ត ភេទប្រុស អាយុ៥០ឆ្នាំមុខរបរជាអ្នកប៉ះ កង់រថយន្តនិងម៉ូតូដែលមានប្រពន្ធឈ្មោះ ផៃ សុភាពមានអាយុ៤០ឆ្នាំមុខរបរជាអ្នកលក់ដូរមានកូន២នាក់ដែលមានទីលំនៅកន្លែងកើតហេតុខាងលើ។

 

ក្រោយមកសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយឆក់ភ្លើងពិតប្រាកដមែន។ ចំណែកឯសាកសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ភារ៉ា ដង្កោ

Untitled-15

Untitled-16

Untitled-17