ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្លាក់ពីលើរថយន្តឈ្នួលស្លាប់នៅផ្លូវជាតិលេខ៣

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ខណៈជិះលើរថយន្តឈ្នួលហើយបានធ្លាក់បោកនឹងថ្នល់ កាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៣ភូមិអង្គតាគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ មានវ័យប្រហែល៣០ឆ្នាំជាង ពាក់អាវយឺតដៃខ្លី ពណ៌សុីជម្ពូ ស្លៀកខោ ខូវប៊យ ជើងត្រឹមជង្គង់ ។

បើតាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តទូរីសជារថយន្តឈ្នួលមួយគ្រឿង បានធ្វើដំណើរតាមផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ដោយស្ថានភាពផ្លូវរលក ក៏បានធ្លាក់បុរសម្នាក់ដែលអង្គុយនៅលើដំបូលរថយន្តបណ្តាលឲ្យបោកផ្ទុប់ក្បាល នឹងថ្នល់ស្លាប់នៅកន្លែងកើតហេតុតែម្តង ដោយឡែករថយន្តសង្ស័យមិនដឹងមានមនុស្សធ្លាក់ ក៏បន្តដំណើរទៅបាត់។

NKD-36x6_outline

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងយកសពជនរងគ្រោះទៅតម្កល់ទុកនៅវត្ត ពោធិចិនតុង ដើម្បីរង់ចាំជំនាញកោសល្យវិច័យមកពិនិត្យ និង រង់ចាំស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ