ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តFUSOធុនធំដឹកទំនិញ ជ្រុលឡើងលើសួនចែកទ្រូងផ្លូវ ផុងជាប់ទៅមុខលែងរួច រីឯម្ចាស់ដេកលក់ ធ្វើព្រងើយ

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងបានបើករថយន្តដឹកទំនិញធុនធំមួយគ្រឿង ឡើងលើសួនច្បារចែកទ្រូងផ្លូវផុងជាប់ទៅលែងរួច ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សាកសីថា បុរសម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកFUSOបិតស្លាកឡូហ្គោ នៅខាងមុខ (KP) ក្នុងចំណុះ១០តោន ក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN-0463 បានដឹកទំនិញពេញរថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំដៃឡើងទៅលើសួនច្បារចែកទ្រូងផ្លូវផុងជាប់ទៅមុខលែងរួច និងបណ្តាលឲ្យខូចខាតស្មៅនៅលើសួនអស់ជាច្រើនម៉ែត្រ និងប្រេះខឿនអស់ជាច្រើនកំណាត់ផងដែរ រីឯម្ចាស់រថយន្តមិនបានរត់ទៅណានោះទេ ដោយបានដេកលក់នៅក្នុងរថយន្តយ៉ាងរំភើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ