ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តLEXUS GX-470ចុះផឹកទឹកប្រឡាយទាំងព្រឹកថែមទាំងរករឿងអ្នកសារព័ត៌មាន

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកLEXUS GX-470 មួយគ្រឿងនិងមានបុរសម្នាក់ទៀតរួមដំណើរជាមួយដែលគេស្គាល់ថា ជាតារាចម្រៀងបើកល្បឿនពេកធ្លាក់ផ្លូវចុះផឹទឹកប្រឡាយទាំងព្រឹក ។ លុះពេលអ្នកកាសែតទៅថត បែរជាមករករឿង និងប្រើសម្តីមិនសំរម្យទៅវិញ ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់វរលាម៉ោង៦និង២០នាទីព្រឹកថ្ងៃដដែល ទើបស្ទូចយករថយន្តចេញពីកន្លែងកើតហេតុបាន ។

រថយន្តធ្លាក់ទឹក១គ្រឿងនោះម៉ាក EXUS GX-470 ពណ៍កាកអំពៅ ពាក់ស្លាកលេខភ្នំពេញ2AJ-2902 បើកបរដោយបុរសចំណាស់មិនស្គាល់ឈ្មោះម្នាក់ ។ ចំណែកបុរសម្នាក់មានសក់វែងកន្ទ្រើងបករាស់ស្មាស្លៀកខោខ្លីពណ៍ស ពាក់អាវយឺតពណ៍ក្រហមដៃខ្លី ពាក់មួកទាហ៊ានមានស៊ីញតករឹមត្រូវនិងស្បែកជើងផ្ទាត់នោះ ។ បានប្រាប់ថាខ្លួនឈ្មោះមាស សារិទ្ធ គឺជាកូនប្រុស លោកមាស សារ៉ាន់ ដែលជាអ្នកចម្រៀង ហើយបុរសនេះបានបញ្ចេញកំហឹងដាក់អ្នកកាសែតខ្លាំងជាងអ្នកបើករថយន្តទៀតផង ។

បុរសអ្នកបើរថយន្តបានជះកំហឹងយ៉ាងខ្លាំងដាក់អ្នកកាសែតដោយនិយាយថា «អានេះឃាត់វាទៅអត់ស្ដាប់ទេពួកអាបង្ហិន(បំផ្លាញ)អត់ជួយគ្នាបែរមកបង្ហិនថែមពួកអាបង្ហិន»ព្រមទាំងនិយាយទៀតថា«ខ្មែរវាបែបនឹង» ។ ចំណែកតារាចម្រៀងមិនសូវល្បីឈ្មោះមាស សារិទ្ធវិញបានប្រើពាក្យគ្រោធគ្រាតថា «គ្រាន់ឡានចឹងសោះឯងថតអីហ្អា ពួកអាឯងសុទ្ធតែពួកបង្ហិនទេ» ។ ដែលសម្ដីអ្នកទាំង២នាក់នេះមិនសមជាអ្នកចេះដឹងឬជាតារាចម្រៀងទេហេតុដូច្នេះហើយទើបមិនសូវទទួលបានការគាំទ្រ និងមិនសូវមានអ្នកស្គាល់ ហើយបើកុំតែប្រាប់គេថាឈ្មោះមាស សារិទ្ធ កូនលោកមាស សារ៉ាន់ ក៏មិនមាននរណាបានស្គាល់ឡើយ ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើបានបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនគួរសមដែរ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងកម្រោលតែម្ដង ។ ខណៈនោះមិនបានបណ្ដាលឲ្យអ្នកបើកបររងរបួសនោះឡើយ ហើយរហូតដល់ម៉ោង៦និង១០នាទីព្រឹកថ្ងៃដដែលទើបម្ចាស់យករថយន្តស្ទូចទៅស្ទូចរថយន្តនេះចេញពីទឹកទៅធ្វើការជួសជុលដោយខ្លួនឯង ៕ សុខាសែនជ័យ