ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

បុរសម្នាក់មានជំងឺគាំងបេះដូងស្លាប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពទាំងយប់ខណះដែលបុរសបានដេកស្លាប់មិនដឹងមូលហេតុទំនងខ្យល់គរ(គាំងបេះដូង)។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ នៅថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិតាជៃ ឃំុកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យកាសែតនគរវត្តដឹងថា បុរសរងគ្រោះ ឈ្មោះសុខ សាវឿន អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។

សមត្ថកិច្ចនគរបាលបានបន្ថែមទៀតថា ក្រោយពីមានសេចក្ដីរាយការណ៍ពីក្រុមគ្រួសារភ្លាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាលជំនាញខេត្ត និងគ្រូពេទ្យបានមកពិនិត្យសាកសព និងគ្រួសារជនរងគ្រោះបានបញ្ជាក់ថា ប្ដីមានជំងឺជាច្រើនឆ្នាំមកហើយ ខណៈបានយកទៅព្យាបាលនៅមន្ទីរពេទ្យ និងឲ្យថ្នាំសង្កូវមកលេបជាប្រចាំ ប៉ុន្តែនៅមិនបានធូរស្រាលសោះ ដោយធ្លាប់គាំងបេះដូងម្ដងៗត្រូវបានក្រុមគ្រួសារសង្គ្រោះទាន់ពេលវេលា លុះនៅថ្ងៃកើតហេតុខាងលើ ស្រាប់តែខ្យល់គរគាំងបេះដូងស្លាប់គ្មានអ្នកដឹងតែម្ដង ។

បច្ចុប្បន្នបន្ទាប់ពីកម្លាំងជំនាញនគរបាលស្រុក និងគ្រូពេទ្យបានពិនិត្យសាកសពឃើញថា ស្លាប់ដោយសារខ្យល់គរគាំងបេះដូងពិតមែនក៏ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន