ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូបុករបាំងថ្មពុះចែកទ្រូងផ្លូវរបួសធ្ងន់

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនសង្ស័យស្រវឹងជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ​ កាលពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងលិច​ តាមបណ្តោយផ្លូវមុនីរ៉េត​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ​។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រឹមសង់​ ស៊េរី ឆ្នាំ២០១២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ កណ្តាល 2N 7338 ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត​ ក្នុងទិសដៅពីលិចទៅកើត ល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលបោកក្បាលអូសជាង២០ម៉ែត្ររងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ រង់ចាំបងប្អូនមកទទួល ៕ សុខាសែនជ័យ