ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយសារទំនាស់ផ្ទៃក្នុងគ្រួសារ

ខេត្តសៀមរាប៖ បុរសវ័យ៣៤ឆ្នាំម្នាក់ បានវាយចាន ឆ្នាំងក្នុងផ្ទះជួលលក់ដូររបស់ខ្លួន ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ហើយជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅផ្ទះកំពុងសាងសង់ ដើម្បីរស់នៅ ដោយ​សារទាស់ពាក្យសម្តីជាមួយប្រពន្ធជាញឹកញាប់ ក៏សម្រេចចិត្តយកខ្សែលីឡុងពណ៌ស ចងក ភ្ជាប់ទៅនឹងសរសរកន្លោងផ្ទះ ដែលមានកម្ពស់ប្រហែល៤ម៉ែត្រ សម្លាប់ខ្លួនតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលពេញកន្លែងសំណង់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃពុធ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។

បើតាមសម្តីរបស់លោក ស៊ត់ សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវបានប្រាប់ថា ក្រោយពីទទួលបានរបាយការណ៍ថា មានករណីមនុស្សចងកសម្លាប់ខ្លួននៅការដ្ឋានសំណង់ភ្លាម លោកបានឲ្យកម្លាំងជំនាញ ចុះសហការជាមួយសមត្ថកិច្ចនគរបាលជំនាញនៃអធិការដ្ឋានក្រុងសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ រួចពិនិត្យ និងស្រាវជ្រាវភ្លាមៗផងដែរ ។

លោកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សំ មាស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅស្នាក់នៅបណ្តោះអាសន្នភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

ក្រោយពីការពិនិត្យរបស់កម្លាំងសមត្ថកិច្ចជំនាញ និងការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងពីមូលហេតុបណ្តាលឲ្យជនរងគ្រោះធ្វើអត្តឃាត គឺជនរងគ្រោះមានទំនាស់ផ្ទៃក្នុងគ្រួសារ ហើយបាន(ប៉ុនប៉ងធ្វើអត្តឃាតខ្លួនច្រើនដងមកហើយ តែមិនបានសម្រេច) ។

លោកបានបន្ថែមថា ករណីខាងលើពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេ ជនរងគ្រោះ ពិតជាបានធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន ។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិឃុំខាងលើ ៕ ប៊ុន​រិទ្ធី