ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ ម្នាក់រងរបួសដោយជិះម៉ូតូបុកគូថរថយន្តពីក្រោយផ្អើលអ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូប្រើប្រាស់ល្បឿនលឿនទៅបុករថយន្តម៉ាក ហ៊ីយ៉ាន់ដាយពីក្រោយស្របទិសគ្នាយ៉ាងពេញទំហឹងកាលពីថ្ងៃថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៦ និង៣០នាទីល្ងាច នៅចំណុចលើផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយទាបបានឲ្យកាសែតនគរវត្តដឹងថា បុរស ដែលស្លាប់មានឈ្មោះអាំ វុត្ថា អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងអ្នករួមដំណើរ ម្នាក់មាន ឈ្មោះ គង់ សុវណ្ណ​ស័ក្ក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ដោយជិះ ម៉ូតូម៉ាក់ SUZUKI NEX ពណ៌ ប្រផេះ​ ស្លាកលេខ ស្វាយរៀង 1L 0362 ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះ នុត ភក្តី ភេទប្រុស អាយុ២៨ ឆ្នាំមុខរបរបើកបរ បច្ចុប្បន្នរស់នៅភូមិព្រៃតាញ៉យ ឃុំខែ្សត្រ ស្រុកកំពង់រោទិ៍ ខេត្ត​ស្វាយរៀង ក្រោយកើតហេតុបានរត់ខ្លួនភ្លាមៗ ។

តាមសាក្សីបានឲ្យដឹងថា មានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក់ SUZUKI NEX ពណ៌ ប្រផេះ​ ស្លាកលេខ ស្វាយរៀង 1L 0362ដោយធ្វើដំណើរពីទិសដៅកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ១ក្នុងល្បឿនលឿនស្រាប់តែទៅបុក និងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាក​លេខ ភ្នំពេញ​ 1D7956 ពីក្រោយស្របទិសគ្នា យ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ ប៉ុន្តែដោយអ្នកបើកម៉ូតូរងរបួសធ្ងន់ ក៏ដាច់ខ្យល់ស្លាប់គួឲ្យសង្វេគអ្នករងរបួសត្រូវានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប និងធ្វើការវាស់វែងយកមធ្យោបាយទាំងពីរគ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយ ។

ចំពោះសាកសពសមត្ថកិច្ចមូលដ្ឋាន បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន