ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​បើករថ​យន្ត​កាមរីហាយប្រ៊ីតរេចង្កូតជ្រុលទៅបុក​ក្បាលរបាំង​ថ្ម​ខណ្ឌចែក​ទ្រូង​ផ្លូវ​បណ្ដោយឲ្យក្រឡាប់ផ្ងារជើង

​ភ្នំ​ពេញ ៖ បុរសម្នាក់ បាន​បើក​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​មួយ​គ្រឿងស្រាប់តែបែកកង់​រេចង្កូត​ជ្រុលទៅ​បុកក្បាល របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូង​ផ្លួវ​​បាក់​ ​​បណ្ដោយឲ្យក្រឡាប់ផ្ងារជើង រង​ការ​ខូច​ខាត​យ៉ាង​ដំណំ សំណាង​ល្អអ្នក​បើក​បរ​រថយន្ដមិន​មាន​រង​របួស ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨ និង​១០នាទី ព្រឹក ​ថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅក្បែរអង់តែងទួលគោក នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅសេទុង ស្ថិត​ក្នុង​សង្កាត់​បឹងកក់១​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេឃើញបុរសម្នាក់បើក ​រថយន្ត​កាមរី​ហាយ​ប្រ៊ីត ពណ៌​ស មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ 2O-6699 ធ្វើ​ដំណើរយ៉ាង​លឿន​ពីរវង់មូលកាំកូរ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈមក​ដល់​ចំណុច​កើតហេតុ​រថយន្តខាងលើបានបែកកង់​ ក៏បាន​រេចង្កូត​ទៅ​បុកក្បាលរបាំង​ថ្ម ខណ្ឌចែក​ទ្រូង​ផ្លូវ​​​បណ្ដោយឲ្យក្រឡាប់ផ្ងារជើងរងការ​ខូច​ខាត​យ៉ាង​ដំណំ ​ប៉ុន្តែ​​អ្នក​បើក​បរ​ពុំ​មាន​រង​របួស​។

ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​បង្ក​ខាង​លើ​ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​កាន់ការិយាល័យ​ចរាចរ​នៃស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ៕ ស រស្មី