ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ដែលវាយបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់គ្រួសារបងប្រុសខ្លួនឯង ត្រូវអាវុធហត្ថក្រុងភ្នំពេញ បញ្ជូនទៅតុលាការ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនបញ្ជូនទៅ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពីបទវាយបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់គ្រួសារបងប្រុសខ្លួនឯង កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២រំលងអាធ្រាត្រ នៅចំណុច ផ្ទះលេខ១៣X ផ្លូវលេខ២៦១ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយរត់គេចខ្លួនបាត់ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រ ជនសង្ស័យវិលត្រលប់មកផ្ទះវិញ ត្រូវក្រុមគ្រួសារប្តឹងទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

យោងតាមមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ថា ជនសង្ស័យខាងលើ ក្រោយសមត្ថកិច្ចឃាត់ខ្លួននឹងធ្វើការសាកសួរបញ្ចប់នីតិវិធីរួច ហើយក៏បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពីបទវាយបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់គ្រួសារបងប្រុសខ្លួនឯង ។

មន្រ្តីដដែលបន្តថា ជនសង្ស័យមានឈ្មោះ ចាន់ ផាន់ណារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣X ផ្លូវលេខ២៦១ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាមនុស្សញៀនថ្នាំ)។ ចំណែកជនរងគ្រោះ ឈ្មោះ ចាន់ ផាន់ណា ហៅម៉ាប់ ភេទប្រុស អាយុ ៣៦ ត្រូវជាបងប្រុសបង្កើតជនសង្ស័យ ស្នាក់នៅជាមួយគ្នា ។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២ រំលងអាធ្រាត្រ នៅចំណុច ផ្ទះលេខ១៣X ផ្លូវ២៦១ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ ដែលវីរវ៉ក់ និងគ្រឿងញៀន មានឈ្មោះ ចាន់ ផាន់ណារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ បានធ្វើសកម្មភាពយកស៊ាំងមកចាក់ដុតមាត់ទ្វាររបងផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ចាន់ ផាន់ណា ហៅម៉ាប់ ភេទប្រុស អាយុ ៣៦ ដែលជាបងប្រុសបង្កើតរបស់ជនសង្ស័យ បណ្តាលឲ្យឆាបឆេះរូលខ្លោចទ្វារផ្ទះ ផ្អើលដល់អ្នកជិតខាងដែលនៅក្បែរនោះ ចេញមកមើល និងជួយពន្លត់ តែជនសង្ស័យខាងលើបានគេចខ្លួនបាត់ទៅហើយ ក្នុងហេតុការណ៍ឆេះនោះ គឺមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ ។

ដោយឡែកជនរងគ្រោះ បានឲ្យដឹងថា មូលហេតុបណ្តាលឲ្យជនសង្ស័យដុតផ្ទះបងប្រុសរបស់ខ្លួន គឺមកពីសុំលុយគាត់ចាយមិនបាន បានប្រើពាក្យមិនសមរម្យប្រមាថគំរាមសម្លាប់គាត់ និងប្រពន្ធ ថែមទាំងគំរាមដុតផ្ទះរបស់ក្រុមគ្រួសារ និងអុកឡុករំខានអ្នកដទៃផងដែរ ហើយរត់គេចខ្លួនបាត់ ។ ព្រោះតែមិនអាចទ្រាំនិងទង្វើររបស់ប្អូនប្រុសខ្លួនឯងបាន ទើបគាត់(ជនរងគ្រោះឈ្មោះ ចាន់ ផាន់ណា ហៅម៉ាប់ )បានទៅប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ឲ្យជួយស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ លុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០០និង១០នាទីរំលងអាធ្រាត្រ ជនសង្ស័យបានត្រលប់មកផ្ទះវិញ ទើបក្រុមគ្រួសាររាយការណ៍ទៅកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ចុះមកឃាត់ខ្លួនបានតែម្តង ។

តាមការសាកសួររបស់មន្រ្តីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ចាន់ ផាន់ណារ៉ា កន្លងមករូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន រយៈពេល៦ឆ្នាំមកហើយ និងត្រូវបានបងប្រុសខ្លួនយកទៅមណ្ឌលបន្សាបគ្រឿងញៀនឳកាសខ្ញុំ ០៣ដង តែរូបគេមិនរាងចាល នៅតែបន្តប្រើប្រាស់គ្រឿងញៀនបន្តទៀតដដែល ហើយកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ រូបគេបានទៅសុំលុយបងប្រុសរបស់ខ្លួនចាយ តែគាត់មិនអោយ រូបគេបានខឹង និងបងប្រុសរបស់ខ្លួនក៏បានទិញស៊ាំង ០៣ដប់ទឹកសុទ្ធ ពីផ្សារដើមគរ យកមកចាក់ដុតផ្ទះបងប្រុសរបស់ខ្លួនបណ្តាលឲ្យឆេះទ្វារមុខផ្ទះ និងសំយាបផ្ទះ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ ពីបទវាយបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់គ្រួសារបងប្រុសខ្លួនឯង ៕ស​ តារា