ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាដួលផ្កាប់មុខក្នុងទឹកក្បែរចិញ្ចើមផ្លូវបណ្ដាលឲ្យដាច់ខ្យល់ស្លាប់

ខេត្តកណ្ដាលៈ បុរសចំណាស់បានផឹកស្រាពេញមួយថ្ងៃ រហូតស្រវឹងជោកជាំ បានដើរដួលផ្កាប់មុខក្នុងទឹកដក់ក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍ខាងលើនេះ បានភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខទ្វាររបងដីឡូត៍ឈ្មោះ កែវ មុំ ត្រូវជាបងជនរងគ្រោះ ស្ថិតនៅក្នុងភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹថា ជនរងគ្រោះឈ្មោះ កែវ លី ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសព្វថ្ងៃ ចាំដីឲ្យបងរបស់ខ្លួននៅភូមិទៀមភ្លើង ឃុំស្មោង ស្រុកកំចាយមៀ ខេត្តព្រៃវែង។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ កែវ សុខ ភេទស្រី អាយុ៦១ឆ្នាំ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ រូបគាត់បានឃើញជនរងគ្រោះផឹកស្រាតាំងពីវេលាម៉ោងប្រមាណ៧ព្រឹក រហូតដល់ម៉ោងល្ងាចជារៀងរាល់ថ្ងៃ លុះមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៥ទៀបភ្លឺ ស្រាាប់តែមានប្រជាពលរដ្ឋជិតខាងបានឃើញជនរងគ្រោះដេកស្លាប់ ដោយផ្កាប់មុខក្នុងទឹកដក់ក្បែរចិញ្ចើមផ្លូវ ជិតរបងផ្ទះបងស្រីជនរងគ្រោះ ភ្លាមនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល និងបានរាយករណ៍ជូនសមតកថកិច្ចជំនាញចុះមកកន្លែងកើតហេតុដើម្បីពិនិត្យ ។

ក្រោយពីសមត្ថកិច្ចជំនាញបានទទួលព័ត៌មានករណីខាងលើភ្លាម សមត្ថកិច្ចបានធ្វើការពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារស្រវឹងស្រាដួលផ្កាប់មុខ ក្នុងទឹកដក់ក្បែចិញ្ចើមផ្លូវប្រាកដមែន ។ ក្រោយពីពិនិត្យរួច សាកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ