ព័ត៌មានទាន់ហេតុការណ៍៖

បុរសស្រវឹងខួបម្នាក់ត្រូវរថយន្តបើកបុកស្លាប់ទាំងយប់

ខេត្តស្វាយរៀង៖ បុរសស្រវឹងស្រាមានសតិមិនគ្រប់ម្នាក់ បានបែកក្បាលហូរឈាមស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិ ខណៈត្រូវរថយន្តមិនស្គាល់ម៉ាក បើកបុកយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ១ នៅចំណុចភូមិអង្គាសដី ឃុំតាសួសស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលត្រូវរថយន្តបុកស្លាប់មានឈ្មោះ រស់ សំអឿន អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គាសដី ឃុំតាសួសស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុបានរថយន្តគេចខ្លួនទៅទិសខាងកើតភ្លាមៗបាត់ស្រមោលតែម្ដង ។

តាមអ្នកភូមិបានអះអាងថា បុរសខាងលើគឺជាមនុស្សប្រមឹកស្រវឹងរាល់ថ្ងៃ ហើយមានសតិមិនគ្រប់ ដើរដល់ភូមិណា គឺដេកក្នុងភូមិនេះផងដែរ ។

ប្រភពបន្តថា ដោយនៅយប់កើតហេតុគេឃើញបុរសខាងលើបានផឹកស្រាស្រវឹងតាំងពីល្ងាច នៅក្នុងភូមិដោយដើរដេកតាមផ្លូវ ស្រាប់តែនៅយប់វេលាម៉ោង១រំលងអធ្រាត្រ មានការភ្ញាក់ផ្អើលថា មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរពីលិចទៅកើតបើកបុកបុរសខាងលើស្លាប់បាត់ទៅហើយ ។

សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ខណៈកំពុងស្រាវជ្រាវរករថយន្តបង្កហេតុផងដែរ ៕ យឹម សុថាន