ព័ត៌មានទាន់ហេតុការណ៍៖

បុរសស្រវឹងខួបម្នាក់រអិលជើងធ្លាក់ទឹកលង់ស្លាប់

ខេត្តកណ្តាលៈ បុរសស្រវឹងខួបម្នាក់​បានរអិលជើង​ធ្លាក់ទឹកគ្មានអ្នកឃើញ លុះរំលងបានមួយថ្ងៃទើបឃើញសាកសពអណ្តែត​ ទើបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅចំណុច បឹងខ្លុង ស្ថិតក្នុង ភូមិ តាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឹម រិទ្ធី ហៅ ចិត្ត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិ តាគោឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល (ជនរងគ្រោះជាមនុស្សស្រវឹងខួប) ។

សមត្ថកិច្ចបន្តថា នៅមុនកើតហេតុថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៣ទៀបភ្លឺ មានអ្នកភូមិឃើញជនរងគ្រោះដើរទៅផ្ទះតែម្នាក់ឯងក្នុងស្ថានភាពស្រវឹងស្រាខ្លាំង ចាប់ពីថ្ងៃនោះមក ក៏បានបាត់ជនរងគ្រោះរហូត ហើយក្រុមគ្រួសារសាច់ញាតិ ក៏បាននាំគ្នាដើររក ប៉ុន្តែដើររកមិនឃើញ ។

ប្រភពបន្តថា លុះដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៣០នាទី មានអ្នកទៅដាកមងនៅចំណុចបឹងកើតហេតុ ក៏ប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹកក្បែរគម្ពោតព្រៃ បន្ទាប់មក ក៏រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ជ្រៃលាស់ និងផ្នែកជំនាញស្រុកហើយបានបង្កតគណៈកម្មការ មានប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យ ផ្នែកជំនាញ និងក្រុមគ្រួសារជនរងគ្រោះ ដើម្បីពិនិត្យកន្លែងកើតហេតុនិង ពិនិត្យសាកសព។

ប្រភពបន្តទៀតថា ជាលទ្ធផល ឃើញថាសាកសពមានសភាពហើម ស្អុយក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ពាក់ព័ន្ធនឹងករណីផ្សេងឡើយ ។ ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា ជនរងគ្រោះ ពិតជាលង់ទឹកស្លាប់ប្រាកដមែន។

ក្រោយពីពិនិត្យចប់សព្វគ្រប់ សម្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕