ព័ត៌មានទាន់ហេតុការណ៍៖

បុរសអ្នករត់ម៉ូតូឌុបម្នាក់ ជិះម៉ូតូទៅបុកពីក្រោយម៉ូតូមន្ត្រីកងរាជអាវុធអាហត្ថលើផ្ទៃប្រទេសរងការខូចខាត ហើយថែមទាំងបង្កហិង្សាទៀត

ភ្នំពេញ ៖ បុរសម្នាក់ដែលជាអ្នករត់ម៉ូតូឌុប បានជិះម៉ូតូទៅបុកពីក្រោយម៉ូតូបុរសម្នាក់ទៀតជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខណៈកំពុងឈប់ឆ្លងផ្លូវ បណ្ដាលឲ្យរងការខូចខាត មិនតែប៉ុណ្ណោះថែមទាំងជេរប្រមាថ រួមទាំងបង្កហិង្សាទៅលើមន្ត្រីកងរាជអាវុធហត្ថថែមទៀត រហូតបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃពុធ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចជិតផ្សារសារឿនយ៉ាន្នី តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះ អៀច ចាន់រឹទ្ធ អាយុ៤៦ឆ្នាំ ស្នាក់នៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AC-4985។ ចំណែកបុរសដៃដល់ឈ្មោះ ឈិន វិរ: អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ស៊េរី ឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HB-3722។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ជនបង្កនាំយកទៅសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលជើងឯក ព្រមទាំងទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ដើម្បីចាត់ការតាមច្បាប់៕ ភារ៉ា ដង្កោ