ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ជិះម៉ូតូម៉ាក Dukeលឿនឆ្លងស្តុបមិនទាន់ផុតបុករថយន្តមួយគ្រឿងរងរបួសធ្ងន់ទាំង២នាក់

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរស២នាក់ជិះម៉ូតូម៉ាក Duke មួយគ្រឿងឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន បឆ្លងស្តុបមិនទាន់ផុត ក៏ជ្រុលទៅបុកជាមួយរថយន្តសាំយ៉ុងមួយគ្រឿងមិនចាំស្លាកលេខ បណ្តាលឲ្យបុរសទាំង២នាក់នោះបែកមុខបែកមាត់ឈាមពេញផ្ទៃមុខរងរបួសធ្ងន់ ។

ហេតុការណ៍នេះ នៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបសន្ធរម៉ុក លើផ្លូវម៉ោងសេងទុង កែងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះទាំង២នាក់ជិះ ម៉ូតូមួយគ្រឿងម៉ាកDuke ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1GM-6873 ឌុបគ្នា២នាក់ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្កុបសន្ធរម៉ុក មិនបានបន្ថយល្បឿននោះទេ ។ ភ្លាមនោះក៏ជ្រុលទៅបុកចំពីចំហៀងរថយន្តសាំយ៉ុងមួយគ្រឿង មិនចាំស្លាកលេខ បើកតាមផ្លូវម៉ៅសេងទុង ទិសដៅពីត្បូងទៅជើងពេញមួយទំហឹង បណ្តាលឲ្យអ្នកឌុបផ្លោងបោកនឹងរថយន្តរបួសបែកមុខបែកមាត់ រីឯអ្នកជិះខាងក្រោយផ្លោងដួលទៅនឹងថ្នល់ចុកឆ្អល់និយាយមិនរួចនិងបែកមុខផងដែរ ។

ក្រោយពីកើតហេតុមករថយន្តបានបន្តដំណើរទៅមុខបាត់ស្រមោល ។ ចំណែកជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសាមុយគ្លីនិកឯកជន ពន្លឺ មកដឹកទៅព្យាបាលភ្លាមៗ ហើយម៉ូតូជនរងគ្រោះ ត្រូវកម្លាំងនគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលផ្សារដេប៉ូទី៣ ដើម្បីរង់ចាំម្ចាស់មកទទួលត្រលប់ទៅផ្ទះវិញ ៕ ស តារា