ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

បុរស២នាក់របួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនឹងម៉ូតូនៅស្រុកពញាឮ

ខេត្តកណ្ដាលៈ បុរសម្នាក់ជិះម៉ូតូបត់ឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបើកបុកពីក្រោយ បណ្ដាលឲ្យរបួសធ្ងន់ នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៧និង៤០នាទីព្រឹក ស្ថិតក្នុងភូមិចេតីយទ្រេត ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ឡេង ណាំហុង ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅភូមិឧដុង្គ ឃុំវាំចាស់ ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាគុប ធុនសេ៥០ ពណ៌ទឹកបិច ពាក់ស្លាកលេខ កណ្តាល1C-0067 ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-3195 ជិះដោយឈ្មោះ ម៉ៅ រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិចំការលួង ឃុំវាំងចាស់ ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាគុប ធុនសេ៥០ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះជិះមកដល់ចំណុចកើតហេតុ បានបត់ផ្លូវផ្លូវ ខណៈក៏មានម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ូគីវីវ៉ា បើកដោយល្បឿនលឿនឈប់មិនទាន់ បានបុកពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យទទួលរងបួសធ្ងន់ទាំង២នាក់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ត្រូវរថយន្ដដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងកសាងឯកសារដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ