ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

បុរស២នាក់ស្រវឹងស្រាបើកម៉ូតូមិនប្រយ័ត្នបុកគូទរថយន្តពីក្រោយ រងរបួសធ្ងន់

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារតែអ្នកបើកបរពិសារគ្រឿងស្រវឹងហួសកំរិត ខណៈដែរបុរស២នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកពីក្រោយរថយន្តហាយឡែនឌឺមួយគ្រឿង កំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ ហើយត្រូវរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃអង្គារ៍​ ទី១៥ ខែឧសភា​ ឆ្នាំ២០១៨ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើត បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ​ ពណ៌ក្រហម​ ពាក់ស្លាកលេខ ភ្នំពេញ​ 1DF-0494 ធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ​ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកហាយឡែនឌឺ (មិនស្គាល់ស្លាកលេខ) បានបត់ឆ្លងផ្លូវបានពាក់កណ្ដាល ស្រាប់តែម៉ូតូក៏ជ្រុលទៅបុកពីក្រោយរថយន្តពេញទំហឹង បណ្តាលឲ្យបោកផ្ទប់និងរថយន្ត រួចដួលខ្ទាតចេញពីគ្នា រងរបួសធ្ងន់ ​បែកក្បាលនិងបែកមុខមាត់ទាំង២នាក់។ ភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះទៅកន្លែងកើតហេតុហើយ ទាក់ទងរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅមន្ទីរពហុព្យាបាលឯកជន ហុកហាក់​ ។ ចំណែករថយន្តរងគ្រោះ បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានយកម៉ូតូរបស់ជនរងគ្រោះ ទៅរក្សារទុកនៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ដើម្បីទុកប្រគល់ឲ្យក្រុមគ្រួសារយកត្រលប់ទៅផ្ទះវិញ ៕ ស តារា