ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ជនជាតិ​ចិន​មួយ​ក្រុម​ស្រវឹងស្រា​ បើករថយន្ត​ស៊េរី​ទំនើប​ឈប់​កណ្តាលផ្លូវ​ ត្រូវ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​បុក​ពីក្រោយ​រង​របួសធ្ងន់​

​ភ្នំពេញ​៖​ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ខណៈ​ដែល​ក្រុម​បុរស​ជា​ជនជាតិ​ចិន​ស្រវឹងស្រា​ជោកជាំ​ បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​មក​ឈប់​នៅ​កណ្តាលផ្លូវ​ ក៏​ត្រូវ​យុវជន​ម្នាក់​នោះ​បុក​ចំ​ពីក្រោយ​រថយន្ត​ពេញទំហឹង​ ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ហាក់ដូចជា​ព្រងើយកន្តើយ​មិន​បំពេញការងារ​ ដូច​ជា​ខ្លាច​អំណាច​ក្រុម​បុរស​ជនជាតិ​ចិន​ទាំងនោះ​ ។​

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​មុខ​ស្ថានទូត​ចិន​ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ ។​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ក្រុម​បុរស​ជា​ជនជាតិ​ ចិន​មួយ​ក្រុម​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត​ស៊េរី​ទំនើប​ពណ៌​ខ្មៅ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ 2U-8447​ ធ្វើរ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​បាន​ឈប់​កណ្តាល​ថ្នល់​ ។​ ភ្លាមៗ​នោះ​ស្រាប់តែ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ​មក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិន​ ទាន់​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​ភ្លាម​ ។​

អ្វី​ដែល​កួរ​ឱ្យ​កត់សម្គាល់​របស់​ប្រជាពលរដ្ឋ​គឺ​គេ​មាន​ឃើញ​វត្តមាន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ដល់​កន្លែង​ កើតហេតុ​ដែរ​ ប៉ុន្តែ​ហាក់ដូចជា​ព្រងើយកន្តើយ​មិន​បំពេញការងារ​ដូច​ជា​ខ្លាច​អំណាច​ក្រុម​បុរស​ជនជាតិ​ចិន​ទាំងនោះ​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រិះគន់​ជា​ខ្លាំង​ព្រោះតែ​សមត្ថកិច្ច​មិន​បាន​បំពេញភារកិច្ច​របស់​ខ្លួន​នោះ​៕

ក្រុមជនជាតិចិនបង្កគ្រោះថ្នាក់ចរាចរណ៍