ព័ត៌មានទាន់ហេតុការណ៍៖

បើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យឡាន៣គ្រឿង និងម៉ូតូ១គ្រឿងបុកគ្នា របួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចររវាងរថយន្ត នឹងម៉ូតូបុកគ្នា កើតឡើងកាលពីព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវភ្នំពេញ ហាណូយ(១០១៩) កែងនឹងផ្លូវបេតុង ចូលទៅមណ្ឌលកែប្រែគ្រឿងញៀនឱកាសខ្ញុំ ស្ថិតក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សាក្សីថា ឃើញឡាន២គ្រឿងបើកមុខក្រោយគ្នា ពីត្បូងទៅជើង ម៉ាកហាយឡែនឌ័រ និងបាឡែន ដោយរថយន្តហាយឡែនឌ័របើកពីមុខ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបររថយន្តហាយឡែនឌ័រ បានបត់ឆ្វេង ពេលនោះស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូងជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកនឹងរថយន្តហាយឡែនឌ័រ បណ្តាលឲ្យដួលរងរបួសធ្ងន់ពេលនោះ ក៏មានរថយន្ត១គ្រឿងទៀតម៉ាកFUSO ជាប្រភេទរថយន្តក្រឡុកស៊ីម៉ង់ត៍បានបើកមកពីជើងទៅត្បូងឃើញ ដូចនោះអ្នកបើកបរបានបួងចង្កូតគេច និងរថយន្ត និងម៉ូតូនោះហើយបានទៅឡើងទៅសួនច្បារពុះចែកទ្រូងផ្លូវទៅបុកនឹងបង្គោលភ្លើងធ្វើឲ្យបង្គោលភ្លើងនោះបាក់ទៅត្រូវ និងរថយន្តបាឡែនបណ្តាលឲ្យបែកកញ្ចក់ផ្នែកខាងកក្រោយបន្ថែមទៀត ។

ក្រោយមកនគរបាលផ្នែកចរាចរខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុវាស់វែង និងប្រគល់រថយន្តទាំង៣គ្រឿង និងម៉ូតូឲ្យទៅនគរបាលការិយាល័យចរាចររាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ ។ ចំណែកអ្នកបើកបរម៉ូតូត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែ ។

សូមបញ្ជាក់ថា រថយន្តទាំង៣គ្រឿងដែលជួបគ្រោះថ្នាក់ចរាចរ និងរងការខូចខាតនោះ មាន ១/ម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ6661 បើកបរក្នុងទិសដៅពីត្បូងទៅជើងដល់ចំណុចកើតហេតុអ្នកបើបរបត់ឆ្វេង ។ ទី២រថយន្តម៉ាកកាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB9190 បើកបរពីក្រោយរថយន្តហាយឡែនឌ័រ(ត្បូងជើង) និងទី៣រថយន្តម៉ាកFUSOពណ៌សជាប្រភេទរថយន្តក្រឡុកស៊ីម៉ង់ត៍ពាក់ស្លាកលេខភ្នំពេញ5A1352បើកបរក្នុងទិសដៅពីជើងទៅត្បូង ។ ចំណែកម៉ូតូជនរងគ្រោះម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៦ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FL4968បើកបរពីជើងទៅត្បូងពីមុខរថយន្តក្រឡុកស៊ីម៉ង់ត៍ ទៅបុករថយន្តហាយឡែនឌ័រ ។

នគរបាលចរាចរដែលចុះទៅដល់កន្លែងកើតហេតុវាស់វែងបានឲ្យដឹងថាមូល ហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរបែបនេះ ដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ។

បច្ចុប្បន្នរថយន្តទាំង៣គ្រឿងរួម និងម៉ូតូ១គ្រឿងត្រូវយករក្សាទុកនៅការិយាល័យនគបាលចរាចររាជធានីភ្នំពេញ រង់ចាំម្ចាស់ទៅដោះស្រាយគ្នានៅពេលក្រោយ ៕ តុង សីហា