ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូជែងក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ត្រូវរថយន្តក្រុងបុករបួសធ្ងន់២នាក់

ប៉ោយប៉ែតៈ មនុស្ស២នាក់ បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូក្នុងល្បឿនលឿនឡើងជែងរថយន្តមិនប្រយ័ត្នត្រូវរថយន្តបុកកាលពីវេលាម៉ោងរំលងអធ្រាតយ ឈានចូលថ្ងៃទី១៩ ខែមីនា ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្សារកណ្តាល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ករណីគ្រោះថ្នាក់នេះ កើតឡើងរវាងម៉ូតូ បើកឡើងជែងរថយន្តក្រុង ហើយបានបុកនឹងម៉ូតូមួយគ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យដួលចូលពីមុខរថយន្តក្រុងតែម្តង ។

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តក្រុង១គ្រឿង ម៉ាកហ៊ីណូ ប្រភេទ៤៥កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7305 បើកបរដោយឈ្មោះ ចេក ឈុននី ភេទប្រុស អាយុ27ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅក្នុងភូមិបន្ទាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បើកបរគោលដៅពីទិសខាងលិចទៅកើត លុះបើកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខៀវ ពុំមានស្លាកលេខ បើកបរដោយឈ្មោះ ព្រឿង ដាវីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន(រងរបួសធ្ងន់) រស់នៅក្នុងក្រុមហ៊ុន ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរ ពីលិចទៅកើត (ស្របទិសនឹងរថយន្តក្រុង) ហើយបានឡើងជែងរថយន្តក្រុងខាងលើ ពេលជែងបានបន្តិច ស្រាប់តែទៅបុកនឹងម៉ូតូ១គ្រឿងទៀត មកពីទិសផ្ទុយ ម៉ាកហុងដា ឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១K-៣៧៣៦ បើកបរដោយជនមិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ បើកបរពីកើតទៅលិច បញ្ច្រាសទិសគ្នា បណ្តាលឲ្យដួល ចំណែកម៉ូតូម៉ាកវ៉េវ បានដួល កណ្តាលទ្រូងផ្លូវ ហើយបណ្តាលឲ្យរថយន្តក្រុងបុកអូស ខូចខាតតែម្តង ។

NKD-36x6_outline

សមត្ថកកិច្ចបញ្ជាក់បន្ថែមថា ក្រោយពីសាកសួរ និងវាស់វែង-ឈ្មោះ ព្រឿង ដាវីន (រងរបួសធ្ងន់)ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ក្នុងខេត្តបាត់ដំបង ចំណែកបុរសម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះ ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។

ប្រភបបញ្ជាក់បន្ថែមថា រថយន្តក្រុង(ខូចខាតតិចតួច) ជារថយន្តរបស់ក្រុមហ៊ុនហ្គោលវីអាយភី ដឹកអ្នកដំណើរ។ ក្រោយហេតុការណ៍ ទាំងរថយន្តបង្ក ទាំងម៉ូតូរងគ្រោះ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមផ្លូវច្បាប់។

សួមបញ្ជាក់ថា រថយន្តក្រុងដឹកអ្នកដំណើរនៅក្រុងប៉ោយប៉ែត កំពុងតែបម្រើសេវាដឹកទំនិញគេចពន្ធផង និងបង់ពន្ធផង នៅពេលយប់ ។ ករណីរថយន្តក្រុងដឹកទំនិញនេះ ត្រូវច្បាប់ហាមឃាត់មិនមានឲ្យបំរើសេវាក្រៅពីដឹកអ្នកដំណើរឡើយ តែពេលនេះកំពុងតែពេញនិយម ៕ វណ្ណា

arw (1) arw (2) arw (3) arw (4)