ព័ត៌មានទាន់ហេតុការណ៍៖

បើកបរល្បឿនលឿនជ្រុលទៅបុកម៉ូតូគេពីក្រោយដួលរងរបួសធ្ងន់ ស្រាល៣នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្រុស ស្រី៣នាក់ រងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងម៉ូតូបុកគ្នាពេញទំហឹង ក្នុងទិសដៅស្រប បណ្ដាលឲ្យដួលរដូករណែលពេញផ្លូវ កាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវលំ ក្រាលក្រួសក្រហម ត្រង់ចំណុចភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ភាគីបង្កហេតុមានឈ្មោះ ស ភាព ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិព្រៃកប្បាស ឃុំចន្ត្រី ស្រុក រមាសហែក ខេត្តស្វាយរៀង ខណៈដែលបើកម៉ូតូម៉ាក ហុងដា C125 ស៊េរីឆ្នាំ2000 ពណ៌ក្រហម គ្មានស្លាកលេខ ខូចខាតយ៉ាងដំណំ។

រីឯភាគីរងគ្រោះមានឈ្មោះប្រាក់ សំណាង ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង និងអ្នករួមដំណើរមានឈ្មោះប្រាក់ ស្រី មុំ អាយុ29ឆ្នាំ មុខរបរធ្វើស្រែ ដោយជិះម៉ូតូម៉ាក ហុងដា C125 ស៊េរីឆ្នាំ2015 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G ៩០៨៨ ។

NKD-36x6_outline

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានបានជិះម៉ូតូម៉ាកតូហុងដា C125 ស៊េរីឆ្នាំ2000 ពុំមានភ្លើងបំភ្លឺផ្លូវ ហើយប្រើប្រាស់ល្បឿនលឿនដោយធ្វើដំណើរពីទិសខាងកើត ទៅលិច ទៅបុកពីក្រោយម៉ូតូមួយគ្រឿងជិះដោយមនុស្សស្រី២នាក់ យ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលឲ្យភាគីទាំងសងខាងដួលរដូករណែលតែម្ដង។

ក្រោយមក សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកអន្តរាគមន៍យកភាគីទាំងសងខាងបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងវាស់វែង ព្រមទាំងអូសម៉ូតូ2គ្រឿង មកកាន់ប៉ុស្តិ៍រដ្ឋបាលចាត់ការបន្តពេលក្រោយតាមច្បាប់ ៕ យឹម សុថាន