ព័ត៌មានទាន់ហេតុការណ៍៖

បើកបុកមនុស្សស្លាប់ហើយ រថយន្តគេចខ្លួនបាត់

ខេត្កំពង់ស្ពឺ៖ យុវជន២នាក់ បានបាត់បង់ជីវិតគួរឲ្យសង្វេគ បន្ទាប់ពីត្រូវរថយន្តមួយគ្រឿងបើកបុករួចមក ។ ក្រោយកើតហេតុរថយន្តបង្កបានបើកគេចខ្លួនបាត់ បន្សល់តែជនរងគ្រោះ និងម៉ូតូនៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១៦ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៧-១៨ ចំណុចភូមិខ្លែងពណ៍ជើង ឃុំព្រៃញាតិ ស្រុកគងពិសី​ ខេត្កំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមិនស្គាល់ម៉ាក បានបុក នឹងម៉ូតូមួយគ្រឿង ដែលបើកបរបញ្ច្រាសទិសគ្នា ។

ប្រភពបន្តថា មុនពេលកើតហេតុមានរថយន្ត មិនស្គាល់ម៉ាកបើកបរមកពីទិសខាងត្បូងទៅទិសខាងជើង ដល់ចំណុចខាងលើ បានបុកម៉ូតូម៉ាក C125 ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ស្ពី 1H 3196បើកបរដោយឈ្មោះអ៊ីត ចាន់គ្រឹះស្នា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាមន​ ខេត្តកំពង់ស្ពឺ ដឹកឈ្មោះ គ្រីម សុវណ្ណរដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិជាមួយគ្នា (មិនពាក់មួកស្លាប់ទាំង2នាក់) បើកបរកពីទិសខាងជើងទៅខាងត្បូង ។

ក្រោយកើតហេតុរថយន្តបានរត់គេចខ្លួនបាត់ ។ ចំណែកសពជនរងគ្រោះទាំង២បានទាក់ទងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ