ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបុកគោយន្តអស់សាំងកណ្តាលផ្លូវ ស្លាប់១ របួសធ្ងន់១

ខេត្តកំពង់ស្ពឺ៖ គោយន្ត១គ្រឿង ដឹកអុសពេញទ្រុង បានអស់សាំងចតកណ្តាលផ្លូវ ទាំងកណ្ដាលយប់ គ្មានដាក់សញ្ញាសម្គាល់ ស្រាប់តែមានម៉ូតូ១គ្រឿង បើកជិះគ្នា២នាក់ គ្មានពាក់មួកសុវត្ថិភាព បានជ្រុល បុកទ្រុងគោយន្ត ពីក្រោយ បណ្តាលឲ្យអ្នកបើកបរស្លាប់ អ្នករួមដំណើររបួសធ្ងន់ ។ គ្រោះថ្នាក់ម៉ូតូបុកគោយន្តនេះ បានកើតឡើងកាលពីម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១០១៨ ស្ថិតនៅក្នុងភូមិក្រាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះស្លាប់ឈ្មោះធី ចាន់នី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអ្នកបើក ។ ជនរងគ្រោះរបួសធ្ថន់ ឈ្មោះហម ឡយ ភេទប្រុស អយុ២៣ឆ្នាំ រស់នៅភូមិតាមិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ពួកគេជិះម៉ូតូម៉ាកMSX ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1L-4822 គ្មានពាក់មួកទាំង២នាក់ ។ អ្នកបើកគោយន្តឈ្មោះឌឹក ឌន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិទួលម្ធម ឃុំពេជ្រមុនី ស្រុកគងពិសី តែមានឡដុតធ្យូងនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកគោយន្តម៉ាកគូបូតា ពណ៌ក្រហមដឹកអុសឡ ។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់គោយន្ត បានបើកមកដល់ចំណុចកើតហេតុ គោយន្តអស់សាំង ក៏ចតចោលកណ្តាលផ្លូវ គ្មានដាក់សញ្ញាអ្វីមួយជាសម្គាល់ឡើយ ទើជនរងគ្រោះ មើលមិនឃើញ បើកម៉ូតូបុក ចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ។

ក្រោយកើតហេតុ អ្នករបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ។ ចំណែកសាកសព បានប្រគល់ឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកភស្តុតាងគោយន្ត និងម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ