ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដបុករៈពីខណ្ឌចំកាមនរហូតដល់ខណ្ឌទួលគោកត្រវជាពលរដ្ឋដេញចាប់បានវាយកម្ទេចរថយន្ដ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដកាមរីហាយព្រីត បុករៈតាំងពីខណ្ឌចំកាមន ហើយព្យាយាមបើកគេចខ្លួនដល់ខណ្ឌទួលគោក បុកម៉ូតូពីរគ្រឿងទៀត បណ្ដាលអោយរបួសធ្ងន់ពីរនាក់ទៀត ហើយព្យាយាមបើករហូតមកដល់ជិតអធិការខណ្ឌទួលគោក ទៅបុករថយន្ដកាមរីបាឡែនមួយគ្រឿងទៀត ដែលចតនៅចិញ្ចើមផ្លូវ ទើបរថយន្ដទៅមុខលែងរួច ត្រូវគេឃាត់បានតែម្ដង ហើយប្រជាពលរដ្ឋនាំគ្នាព្រួតវាយកម្ទេចរថយន្ដខូចខាតស្ទើរទាំងស្រុង តែល្អម្ចាស់រថយន្ដរត់គេចខ្លួនចូលក្នុងហាងខារ៉ាអូខេដែលនៅក្បែរនោះទើបផុតពីគ្រោះថ្នាក់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង១៥នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកកាមរីហាយព្រីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB-1990 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។ ចំណែករថយន្ដមួយគ្រឿងទៀត ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-7557 ។

តាមសាក្សីដែលឃើញហេតុការណ៍ និងដេញតាមពីក្រោយបានអោយដឹងថា នៅមុនពេលកើតហេតុគឺរថយន្ដបង្កបានបុកម៉ូតូមួយគ្រឿង នៅម្ដុំបឹងកេងកងដោយខូចខាតបន្តិតបន្ទួចប៉ុណ្ណោះ តែមិនបានឈប់ដោះស្រាយនោះទេ។

NKD-36x6_outline

ប្រភពបានបន្តថា ដោយឃើញរថយន្ដមិនព្រមឈប់ដោះស្រាយ ក៏នាំគ្នាដេញតាមពីក្រោយរហូតមកដល់ជិតផ្សារដេប៉ូ ក៏បុកម៉ូតូពីរគ្រឿងទៀតបណ្ដាលអោយមនុស្សពីរនាក់រងរបួសធ្ងន់ហើយរថយន្ដនៅតែមិនឈប់ ដោយបើករត់រហូតមកដល់ផ្លូវលេខ២៦១ ជិតអធិការដ្ឋាននគរបាលខណ្ឌទួលគោក រថយន្ដក៏ទៅបុករថយន្ដកាមរីបាឡែនមួយគ្រឿងទៀត ដែលម្ចាស់ឈប់នៅលើចិញ្ចើមផ្លូវទើបរថយន្ដទៅមុខឡែងរួច។

ក្រោយពីបុកគៀបជាប់គ្នាហើយ ម្ចាស់រថយន្ដបើកទ្វាររថយន្ដចុះរត់គេចខ្លួនចូលក្នុងហាងខារ៉ាអូខេដែលនៅក្បែរនោះ ព្រោះខ្លាចប្រជាពលរដ្ឋព្រូតគ្នាវាយ ។ ចំណែករថយន្ដបង្កវិញ ប្រជាពលរដ្ឋនាំគ្នាយកដុំថ្មដុំឥដ្ឋវាយស្ទើរខ្ទេចរថយន្ដទាំងស្រុង ។

ក្រោយមក ទើបកំលាំងសមត្ថកិច្ចចុះទៅរំដោះជនបង្កចេញពីកន្លែងកើតហេតុយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រីឯរថយន្ដកំលាំងជំនាញចុះវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ