ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តកៀរអ្នកជិះកង់ស្របទិសគ្នាស្លាប់ភ្លាមៗយ៉ាងរន្ធត់រួចរត់គេចខ្លួនបាត់

ខេត្តពោធិ៍សាត់៖ ស្រ្តីវ័យចំណាស់ម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាហោចអាធ័ម នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបង្កឡើងដោយរថយន្តធុនធំ ១គ្រឿង នៅគ្រាដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នានៅលើកំណាត់ផ្លូវលេខ៥៣។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៥ និង៤៥នាទី ព្រលម់ថ្ងៃពុធ ១២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធសំរឹទ្ធ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ៥៣ ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់ឈ្មោះ ឡឹម ឃុន អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ស្រ្តីរងគ្រោះគេឃើញជិះកង់ម្នាក់ឯងក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំ ១គ្រឿង មកពីក្រោយស្របទិសគ្នាបានកៀររួចកិនបណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់តែម្ដង។

ប្រភពខាងលើបន្តទៀតថា រថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D 1634 ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចបាត់ ដូច្នេះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យខូចខាតកង់ ១គ្រឿង និងស្លាប់មនុស្សម្នាក់ម្ចាស់កង់ មន្រ្តីជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារសាច់ញាតិដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយឡែក៖ វត្ថុតាងកង់ និងរថយន្តបានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីរងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី ៕ ប៉ឹន ពិន