ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងទាំងព្រឹក

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តក្នុងល្បឿនលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតបាក់ និងប្រេះចំនួន២កង់ ខ្ទេចមុខ ផ្ទុះពោងសុវត្ថិភាព ទៅមុខលែងរួច តែមិនបង្កឲ្យរងរបួសដល់មនុស្សឡើយ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចជាប់ភ្លើងស្តុបថ្មីមុខព្រលានយន្តហោះ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីអ្នកបើកបរ បានឲ្យដឹងថា គាត់បើករថយន្តបង្កម៉ាក ព្រុស ជារថយន្តតាក់ស៊ី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AR-3173 បន្ទាប់ពីដឹកភ្ញៀវ ចូលព្រលានហើយ គាត់ជួបជុំគ្នាជាមួយមិត្តភក្តិរួមអាជីព ឆ្លៀតផឹកស៊ីបន្តិចបន្តួច ហើយមុនកើតហេតុ រថយន្តបើកបំណងវិលទៅផ្ទះ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច មកដល់ចំណុចខាងលើ ងោកមួយភាំងដឹងខ្លួនបុករបាំងថ្មប្រ៉ាវបាត់ទៅហើយ ។

តាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកល្បឿនលឿន ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ រេទៅបុករបាំងថ្មទ្រូងផ្លូវ បណ្តាលឲ្យប៉ើង១កង់ បាក់ប្រេះចំនួន២កង់ រថយន្តខ្ទេចមុខ ផ្ទុះពោងសុវត្ថិភាព ទៅមុខលែងរួច តែមិនបង្កឲ្យអ្នកណាម្នាក់រងរបួសឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ រាយការណ៍ទៅជំនាញ ចុះពិនិត្យផ្ទាល់ រួចស្ទូចរថយន្តបង្ក និងអ្នកបើកបរផងបានឃាត់ខ្លួន ប្រគល់ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ