ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តចេញពីដកលុយធនាគារដល់ស្ពានអាកាសស្ទឹងមានជ័យ ត្រូវរថយន្ដហ៊ីយ៉ាន់ដាយមកបុកគូទពីក្រោយ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ ៖ ប្ដីប្រពន្ធ និងកូនតូចម្នាក់ បានបើករថយន្តចេញពីដកលុយនៅធនាគារ បម្រុងឡើងទៅផ្ទះ ខណៈមកដល់ក្រោមស្ពានអាកាសស្ទឹងមានជ័យ ក៏ត្រូវបានរថយន្ដហ៊ីយ៉ាន់ដាយមកពីក្រោយបុកគូទយ៉ាងពេញទំហឹង ហើយផ្លោងទៅបុកឃឿងផ្លូវ និងបុកបង្កាន់ដៃផ្លូវ រងការខូចខាត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ម្ចាស់រថយន្ដរងគ្រោះ ម៉ាកហាយឡែនឌ័រ មានឈ្មោះ ហិន ភាព ភេទប្រុស អាយុ៤៣ឆ្នាំ (ប្ដី) និង (ប្រពន្ធ)មានឈ្មោះ ឈៀវ សុនី អាយុ៣៤ ឆ្នាំ អ្នកទាំង២នាក់មានកូនប្រុសតូចម្នាក់ ដែលស្នាក់នៅរួមគ្នាក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមសម្ដីបុរសម្នាក់ ដែលជាម្ចាស់រថយន្ដរងគ្រោះ ម៉ាក ហាយឡែនឌ័រ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AM-3861 បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានធ្វើដំណើរជាមួយប្រពន្ធនិងកូនតូច ចេញពីដកលុយនៅធនាគារតាមបណ្ដោយផ្លូវ២៧១ ចុះមកក្រោមស្ពានអាកាសស្ទឹងមានជ័យ បម្រុងឡើងទៅផ្ទះក្នុងបុរីពិភពថ្មី ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដធន់ធំមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ដែលពាក់ស្លាកលេខព្រះសីហនុ 3A-1154 បានធ្វើដំណើរចុះពីលើស្ពានក្នុងល្បឿនលឿនល្មម ក៏ជ្រុលមកបុកគូទរថយន្ដហាយឡែឌ័ររបស់គាត់ពីក្រោយពេញទំហឹង ហើយបណ្ដាលឲ្យរថយន្ដហោះឡើងចិញ្ចីមឃឿន បុកបង្កាន់ដៃដែក រងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស។ ភ្លាមៗនោះ តៃកុងរថយន្ដហ៊ីយ៉ាន់ដាយបានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ដោយបន្សល់ទុករថយន្ដបង្កនៅកន្លែងកើតហេតុ ។

NKD-36x6_outline

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញចុះមកវាស់វែងអូសយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ