ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តឆ្លងផ្លូវជ្រុលចង្កូតទៅម៉ូតូមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់រួចបើករត់បាត់

ភ្នំពេញ៖ រថយន្តបាឡែនមួយគ្រឿងបើកក្នុងល្បឿនលឿនឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់ ពេញទំហឹង បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសជើងឆ្វេងម្ខាងធ្ងន់រួចបើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅខាងកើតបូរីអរគីដេប្រមាណជាង៣០ម៉ែត្រ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញរថយន្តកាមរីបាឡែនពណ៌សមួយគ្រឿងមិនចាំស្លាកលេខបើកបរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃមកផ្លូវបេតុ គ្នានលេខក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1O-8221 ធ្វើដំណើរបញ្ចាស់ទិសដៅគ្នាពីកើតទៅលិច ពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនិងថ្នល់រងរបួសជើងឆ្វេងម្ខាងធ្ងន់ត្រូវបានរថយន្តសង្គ្រោះក្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ ។ ចំណែករថយន្តបង្កមិនឈប់នៅនឹងកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល ។ រីឯម៉ូតូជនរងគ្រោះខូចខាតផ្នែកខាងស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកម៉ូតូជនតងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំសាច់ញាត្តិមកទទួលត្រឡប់យកទៅផ្ទះវិញ ៕ សុខាសែនជ័យ