ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តមិត្តភក្តិជូនមិត្តម្នាក់ទៀតទៅផ្ទះជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានជួបជុំផឹកស៊ីជាមួយគ្នារួចរាល់ហើយ បុរសម្នាក់ បានឲ្យរថយន្តទៅមិត្តភក្តិ បើកជូនមិត្តភក្តិម្នាក់ទៀត មកផ្ទះមិនទាន់ដល់ផង បានជួបគ្រោះចរាចរណ៍ បុករបាំងថ្មចែកទ្រូវផ្លូវពេញទំហឹង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតចំណុចមុខអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី​ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីនៅកន្លែងកើយហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-1680​ ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរូស្សុី​ ក្នុងទិសដៅពីលិចទៅកើត លុះបើកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុករបាំងថ្មពុះវៀចអស់១កង់ រថយន្តផ្ទប់ជាប់ និងខ្ទេចផ្នែកខាងមុខទៅលែងរួច ។ ចំណែកអ្នកបើករងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋជួយបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជនមួយកន្លែង នៅក្បែរកន្លែងកើតហេតុខាងលើ ចំណែកអ្នករួមដំណើររងបួសស្រាល ។

តាមសម្តីបុរសម្នាក់ដែលអះអាងថា ជាម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នា៣នាក់ បានជួបជុំផឹកស៊ីនៅហាងមួយកន្លែង បន្ទាប់ពីបានផឹកស៊ីរួចរាល់ហើយ រូបគាត់ជាម្ចាស់រថយន្តបានឲ្យរថយន្តទៅមិត្តភក្តិបើកដើម្បីដឹកជូនមិត្តភក្តិម្នាក់ទៀត ទៅផ្ទះតែមិនទាន់ដល់ផ្ទះផងបានជួបគ្រោះថ្នាក់ចរាចរណ៍បុករបាំងថ្មចែកទ្រូងផ្លូវបែបនេះ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ គោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ