ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បើកលឿនពេក ដល់ពេលបត់បុកខឿនផ្លូវខ្ទេចល្មម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តព្រូសមួយគ្រឿងបត់ស្តាំដៃឆ្លងផ្លូវយ៉ាងលឿន ហើយបួងចង្កូតមិនទាន់ ក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវក្រោមស្ពានអាកាស៥មករា បណ្តាលឲ្យខឿនផ្លូវបែក និងរបើកឥដ្ឋការ៉ូមួយចំនួន ចំណែករថយន្តបង្កដាច់កាឡេកង់មុខ ផ្នែកខាងឆ្វេង រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្ពានអាកាស៥មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី កែងនឹងផ្លូវ២៨៩ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y-0507ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ខាងក្រោមស្ពានអាកាស ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបត់ស្តាំដៃមកផ្លូវ២៨៩ក្នុងល្បឿនលឿន ខណៈបួងចង្កូតមិនទាន់ក៏ជ្រុលបុកខឿនផ្លូវពេញទំហឹង បណ្តាលឲ្យបែកខឿនផ្លូវ និងរបើកការូមួយចំនួនចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ និងទៅមុខលេងរួច រីឯម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញឲ្យចុះមកវាស់វែងយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖