ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

បើកវគ្គបណ្តុះបណ្តាលពីតួនាទីនិងការទទួលខុសត្រូវរបស់អ្នកនាំពាក្យកងទ័ព

ភ្នំពេញ៖ ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ក្រសួងការពារជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងការទទួលខុសត្រូវ របស់អ្នកនាំពាក្យ ចែករំលែកចំណេះដឹងបទពិសោធន៍ដល់ក្រុមអ្នកនាំពាក្យក្នុងក្រសួងសម្រាប់យកទៅប្រើប្រាស់ក្នុងការនាំសាររបស់កងឯកភាព ទៅកាន់អ្នកសារព័ត៌មាន និងសាធារណជនឱ្យបានល្អ និងត្រឹមត្រូវ ។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារីក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងមានការចូលរួមពីអ្នកនាំ ពាក្យមកពីបណ្តាស្ថាប័ន និង កងឯកភាពនានា ប្រមាណជាង ១០០នាក់។ ក្នុងនោះក៏មានកម្មសិក្សាចំនួន ៥០នាក់ មកពីកង ឯកភាពចំណុះក្រសួងការពារជាតិ។

វាគ្មិនសំខាន់ៗ ដែលចូលរួមចែករំលែកបទពិសោធន៍ ក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ អ្នកនាំពាក្យក្រសួងការ ពារជាតិ,លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា, លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី, លោកសាស្រ្តាចារ្យបណ្ឌិត រស់ ចន្រ្តាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជា និងលោកឯក ថា អ្នកសារព័ត៌មានជើងចាស់ ។

នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារ ជាតិបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាល្អដែលបើកឱកាសឲ្យមន្រ្តី យោធានៅបណ្តាកងឯកភាពនីមួយៗ ចំ ណុះក្រសួងការពារជាតិ យល់ដឹងកាន់តែច្បាស់បន្ថែមទៀតនូវខ្លឹមសារសម្រាប់អ្នកនាំពាក្យ ផ្តល់ជូនអ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋជាដើមនោះ ។

នាយឧត្តមសេនីយ៍បន្ថែមទៀតថាការយល់ដឹងបន្ថែមរបស់អ្នកនាំពាក្យ គឺជាកត្តាត្រឹមត្រូវបំផុតលោកគាំទ្រឲ្យមានការបើកវគ្គបណ្តុះបណ្តាលបែបនេះជាបន្តទៀត ហើយគ្រប់កងឯកភាពស្ថាប័នផងដែរ។ ថ្លែងនៅក្នុងកម្មវិធីនោះដែរ លោកសុខ ឥសាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងប្រាប់ដល់សិក្ខាកាមនិងអ្នកចូលរួមថា ក្នុងនាមជាអ្នកនាំពាក្យត្រូវតែយល់ដឹងឲ្យបានច្បាស់អំពីស្ថានភាពទាំងក្នុងតំបន់ក៏ដូចជាពិភពលោក និងរដ្ឋធម្មនុញ្ញរបស់ខ្លួន ។ លោកបានបញ្ជាក់ថា «យើងជាអ្នកនាំពាក្យទាមទារឲ្យយើងយល់ដឹងឲ្យច្បាស់នូវច្បាប់,ស្ថានការណ៍ដែលកើតឡើងទាំងក្នុងស្រុកនិងអន្តរជាតិ» ។

បើតាមជំនួយស្មារតីដែលបានចែកជូនដល់អ្នកសារព័ត៌បានលើកឡើងថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ កម្មសិក្សាការីនឹងយល់អំពីរបៀបចាត់តាំង ការិយាល័យអ្នកនាំពាក្យ តួនាទី ភារកិច្ចសំខាន់ៗមួយចំនួនចាំបាច់ចំពោះមុខ ដើម្បីរៀបចំខ្លួនឱ្យបានគ្រប់គ្រាន់ ចូលរួមយុទ្ធនាការព័ត៌មានរួមគ្នាពីថ្ងៃនេះ រហូដល់ពេលបោះឆ្នោតសកលនិងក្រោយពេលបោះឆ្នោត ធ្វើការរួមគ្នាគ្រប់គ្រងព័ត៌មានឱ្យបានល្អ និងទាន់សភាពការណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលក្រសួងការពារជាតិកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលដល់ក្រុមអ្នកនាំពាក្យអង្គភាព ក្រោមចំណុះក្រសួងការពារជាតិដើម្បីពង្រឹងបន្ថែមលើសមត្ថភាព ដែលមានស្រាប់ឆ្លើយតបទៅនឹងសំណូមពររបស់ អង្គភាពនានាក្រោមចំណុះ ដែលបានស្នើសុំនាពេលកន្លងទៅ៕ សុខ ដុម