ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នៅខេត្តពោធិ៍សាត់ គណបក្សប្រជាជនកម្ពុជានាំមុខ

ខេត្តពោធិ៍សាត់៖ ប្រភពនានា និងជាបឋមពីគណកម្មការរៀបចំបោះឆ្នោតខេត្តពោធិ៍សាត់បានឲ្យដឹងថា ជាបឋមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ មានភាពល្អប្រសើរទាំងផ្នែកសន្តិសុខ បើទោសជាមានបាតុភូតធម្មជាតិបន្ទួចខ្លះៗក្ដី ហើយគណបក្សប្រជាជនកម្ពុជានាំមុខ អាចនិយាយបានថាសុីផុយ។

ប្រភពខាងលើបន្តថា នៅខេត្តពោធិ៍សាត់ក្នុងបញ្ជីមានគណបក្សចំនួន ១៣ ប៉ុន្តែមានវត្តមានចេញឃោសនារកសម្លេងឆ្នោតតែចំនួន ៣ប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សហ៊្វុនស៊ុនបុិច ហើយនៅថ្ងៃនេះមានប្រជាពលរដ្ឋទាំងចំនួន ២១៩,៥៣១នាក់បានមកបោះឆ្នោត ស្មើរនឹងចំនួន ៨៥.៧១% សរុបទាំងចំនួន ៧០៧ការិយាល័យ ក្នុងចំណោមប្រជាពលរដ្ឋចំនួន ២៥៦,១៤៥ក្នុងបញ្ជី។

ប្រភពដដែលបន្តទៀតថា សន្លឹកឆ្នោតទុកជាបានការមានចំនួន ២១៤,៣៩៨សន្លឹក ហើយគណបក្សប្រជាជនកម្ពុជានាំមុខអាចសុីដាច់ទាំងចំនួន ៤កៅអី ដែលមានសម្លេងសន្លឹកឆ្នោតចំនួន ១៨៤,៩៨៧សន្លឹក ហើយគណបក្សបន្ទាប់ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមានសម្លេងសន្លឹកឆ្នោតចំនួន ៧១២៥សន្លឹក នេះជាបឋមជាបណ្ណោះអាសន្ន៕ ប៉ឹម ពិន