ព័ត៌មានទាន់ហេតុការណ៍៖

បំផ្ទុះគ្រាប់បែកនៅនីហ្សេរីយ៉ា ស្លាប់ និងរបួសមនុស្ស៣៥នាក់

ប្រភពព័ត៌មានពីមន្ត្រីសុខាភិបាល និងកម្លាំងយោធានីហ្សេរីយ៉ាបានបញ្ជាក់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ថា គ្រាប់បែកមួយគ្រាប់ត្រូវបានបំផ្ទុះឡើងនៅលើដងផ្លូវដ៏មមាញឹកមួយកន្លែងស្ថិតនៅក្នុងតំបន់ Maiduguri ភាគឦសាននីហ្សេរីយ៉ាបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស២នាក់ និង៣៣នាក់ផ្សេងទៀតរងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅមិនឆ្ងាយជាង៦០០ម៉ែត្រពីបន្ទាយយោធានោះទេ ហើយបានកើតឡើងក្រោយការបំផ្ទុះគ្រាប់បែកដែលធ្វើឡើងនៅតាមទីប្រជុំ ដោយក្រុមឧទ្ទាមបូកូហារ៉ាមសម្លាប់មនុស្សជិត៨០នាក់កាលពីពីរ បីថ្ងៃកន្លងមកនេះ។

ប្រភពពីបុគ្គលិកសុខាភិបាលក្នុងតំបន់បានប្រាប់រ៉យទ័រថា មនុស្ស៣៣នាក់ដែលរងរបួសធ្ងន់កំពុងទទួលការសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ។ ប្រភពបន្តថា មនុស្ស២នាក់ផ្សេងទៀតបានបាត់បង់ជីវិត។

ក្រុមឧទ្ទាមបូកូហារ៉ាមបានធ្វើសកម្មភាពវាយប្រហាររយៈពេល៦ឆ្នាំកន្លងមកហើយនៅក្នុងទឹកដីប្រទេសដែលមានសេដ្ឋកិច្ចធំបំផុត និងជាប្រទេសនាំប្រេងចេញនៅតំបន់អាហ្វ្រិកមួយនេះដើម្បីបង្កើតរដ្ឋអិស្លាមកាលីផេត។

កាលពីដើមឆ្នាំ២០១៥ ក្រុមឧទ្ទាមបូកូហារ៉ាមបានដណ្តើមកាន់កាប់ទឹកដីភាគច្រើន ប៉ុន្តែកងកម្លាំងយោធាបានអះអាងថា ខ្លួនបានវាយបណ្តេញក្រុមឧទ្ទាមទាំងនេះរត់ទៅជ្រកពួនក្នុងព្រៃជ្រៅ Sambisa អស់ហើយកាលពីប៉ុន្មានសប្តាហ៍មុន ហើយដែលក្រុមបូកូហារ៉ាមអះអាងថា ជារឿងមិនពិតនោះ។

ប្រធានាធិបតីថ្មីនេហ្សេរីយ៉ា លោក Muhammadu Buhari ដែលកាលពីអំឡុងធ្វើទស្សនកិច្ចទៅកាន់ប្រទេសណៃជឺ បានពិភាក្សាពីបញ្ហាទាំងនេះ និងបានប្តេជ្ញាថា នឹងចាត់ការទៅលើក្រុមឧទ្ទាមអិស្លាមជ្រុលនិយមទាំងនេះឲ្យអស់ពីទឹកដី៕

Abuja-Bomb-Blast-Shopping-Mall-The-Trent