ព័ត៌មានទាន់ហេតុការណ៍៖

បំផ្ទុះគ្រាប់បែកអត្តឃាតនៅក្រុងកាប៊ុលសម្លាប់មនុស្សយ៉ាងហោចណាស់២១នាក់ រួមទាំងអ្នកកាសែត

ក្រសួងសុខាភិបាល និងទីភ្នាក់ងារសារព័ត៌មាន AFP បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស២១នាក់ត្រូវបានសម្លាប់ ក្នុងនោះមានអ្នកថតរូប Shah Marai និងអ្នកកាសែត៣ នាក់ផ្សេងទៀត នៅពេលដែលមានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅកណ្តាលក្រុងកាប៊ុល កាលពីថ្ងៃចន្ទ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Wahid Majroh បានប្រាប់ទូរទស្សន៍ Tolo របស់អាហ្វហ្គានីស្ថានថា យ៉ាងហោចណាស់មនុស្ស២៧នាក់ទៀតបានរងរបួស និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយព្រមានថា អ្នកខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយចំនួនអ្នកស្លាប់អាចកើនឡើង។

អ្នកនាំពាក្យស្នងការប៉ូលិស Hashmat Stanikzai បានប្រាប់ AFP ថា ការផ្ទុះលើកទី២ បានកើតឡើងប៉ុន្មាននាទីបន្ទាប់ពីក្រុមអ្នកកាសែតបានស្ថិតនៅទីតាំងកើតហេតុលើកទី១នោះ។

លោកបាននិយាយថា “អ្នកបំផ្ទុះគ្រាប់បែកបានក្លែងខ្លួនជាអ្នកកាសែត និងបានបំផ្ទុះខ្លួនឯងក្នុងចំណោមហ្វូងមនុស្ស”តែម្តង ។

ប្រភពពីកម្លាំងសន្តិសុខ ក៏បានបានបញ្ជាក់ដែរថា ហេតុការណ៍ទាំងពីរខាងលើនេះ គឺជាការបំផ្ទុះគ្រាប់បែកអត្តឃាត។

យោងតាមក្រសួងមហាផ្ទៃបានឱ្យដឹងថា គ្រាប់បែកដំបូងត្រូវបានបំផ្ទុះដោយអ្នកវាយប្រហារលើម៉ូតូ ហើយបានធ្វើឱ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់ និង៥នាក់រងរបួស។

លោក Stanikzai បានបញ្ជាក់ថា អ្នកកាសែតត្រូវបានគេសម្លាប់ ប៉ុន្តែបាននិយាយថា លោកមិនបានដឹងថា មានប៉ុន្មានទេ។ សារព័ត៌មាន AFP បានបញ្ជាក់ថា អ្នកស្លាប់ជាមួយអ្នកសារព័ត៌មាន ម៉ារ៉ាយ នោះ មានអ្នកកាសែតពីរនាក់មកពីអង្គភាព 1TV និងម្នាក់ទៀតមកពីអង្គភាព Tolo ។

លោក ម៉ារ៉ាយ បានចូលរួមជាមួយអង្គភាពកាសែត AFP ក្នុងនាមជាអ្នកបើកបរម្នាក់ តាំងពីឆ្នាំ១៩៩៦មកម្ល៉េះ ជាឆ្នាំដែលពួកឧទ្ទាមតាលីបង់បានកាន់អំណាច ហើយបានចាប់ផ្តើមថតរូប ចងក្រងជាអត្ថបទសាច់រឿង ក្នុងនោះរាប់បញ្ចូលទាំងការលុកលុយរបស់អាមេរិកនៅក្នុងឆ្នាំ២០០១ផងដែរ ។

ក្រសួងមហាផ្ទៃបាននិយាយថា គ្មានក្រុមណាមួយបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ដែលបានកើតមានឡើងមុនម៉ោង៨ព្រឹក(ម៉ោងនៅក្នុងតំបន់)នេះ ស្ថិតនៅជិតទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារចារកម្ម អាហ្វហ្គានីស្ថាន ។

ការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីក្រុមតាលីបង់បានចាប់ផ្តើមការវាយលុកនិទាឃរដូវរបស់ពួកគេ ប្រឆាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងច្រានចោលកិច្ចចរចាសន្តិភាពនោះ ៕ ថាច់ យ៉ាត