ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស​ប្តឹង​ទណ្ឌិត​សម​ រង្ស៊ី​ ពី​បទ​ក្បត់​ជាតិ​ រឿង​សន្យា​​កាត់​ដី​ឱ្យ​វៀតណាម​

ភ្នំពេញ​៖ ​លោក​ឧត្ដមសេនីយ៍​ឯក​ អ៊ី​ សុខឃី​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ ប្តឹង​ទណ្ឌិត​សម​ រង្ស៊ី​ ពី​បទ​”ក្បត់​ជាតិ​”​ពាក់ព័ន្ធ​កិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជាទៅឱ្យ​ជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។តុលាការ​កំពុង​មាន​ចំណាត់​ការ​លើ​បណ្តឹង​នេះ ​។

ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពីវីដេអូអំពីកិច្ចព្រមព្រៀងរវាង លោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាម កាលពី៥ឆ្នាំមុន ត្រូវបានបណ្តាញទំនាក់ទំនង Facebook ដែលជាសកម្មជនអតីតបក្សប្រឆាំង ទម្លាយកាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងវីដេអូនោះលោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀណាមជនជាតិភាគតិច Degar ដើម្បីឱ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព។ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ នាថ្មីៗនេះ លោក សម រង្ស៊ី បានសារភាពថែមទៀតថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor កាលពីឆ្នាំ២០១៣ ពិតប្រាកដមែន នៅសហរដ្ឋអាមេរិក។

NKD-36x6_outline

តាមបណ្តឹងរបស់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានឱ្យដឹងថា កិច្ចព្រមព្រៀងរវាងទណ្ឌិត សម រង្ស៉ី និងឈ្មោះ កុក ស មេដឹកនាំចលនាវៀតណាមជនជាតិភាគតិច Degar (ម៉ុងតាញ៉ា) កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ នៅប្រទេសហ្វីលីពីន បានបញ្ជាក់យ៉ាងច្បាស់៖ ត្រង់មាត្រា៣ គឺជនជាតិដើមភាគតិច Degar (ម៉ុងតាញ៉ា) មានសិទ្ធិស្វ័យភាព គឺមានសិទ្ធិធ្វើ និងអនុវត្តសេចក្តីសម្រេចលើបញ្ហាពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុង និងតំបន់របស់ពួគេរស់នៅក្នុងប្រទេសកម្ពុជា និងមាត្រា៥ ជនជាតិដើមភាគតិចវៀតណាមម៉ុងតាញ៉ា នឹងមានសិទ្ធិពេញលេញ ប្រសិនបើពួកគេចូលរួមក្នុងជីវភាពនយោបាយ គឺក្នុងន័យថា បើគាំទ្រគណបក្សសង្រ្គោះជាតិ។ ម្យ៉ាងទៀត ក្នុងវិដេអូរបស់ទណ្ឌិត សម រង្ស៉ី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលគណបក្សសង្រ្គោះជាតិដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ខ្លួននឹងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិវៀតណាមភាគតិចម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។

នាយកដ្ឋានប្រឆាំងភេរវកម្ម បានចាត់ទុកថា វីដេអូសកម្មភាព និងទង្វើដែលចុះហត្ថលេខា ប្រគល់ឱ្យរដ្ឋបរទេសនូវដែនដី ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៉ី គឺជាអំពើក្បត់ជាតិយ៉ាងពិតប្រាកដ។ ជាមួយគ្នានេះ អង្គភាពមានសមត្ថកិច្ចមួយនេះ ក៏បានស្នើឱ្យតំណាងអយ្យការ ទទួលចាត់ការចំពោះ អំពើក្បត់ជាតិ ឃុបឃិតកាត់ទឹកដីឱ្យជនបរទេសរវាងឈ្មោះ សម រង្ស៉ី និងបរទេស ប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដើម្បីផ្តន្ទាទោសតាមច្បាប់៕ ចេស្តា