ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីប្រពន្ធឈ្លោះគ្នា ដណ្ដើមកន្ត្រៃគ្នាទៅវិញទៅមក ប្រពន្ធលែងដៃ ប្ដីទាញចាក់ខ្លួនឯងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ក្រោយពេលក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ក្រោយពេលដែលគាត់ស្រវឹងស្រារួចមានទំនាស់គ្នាជាមួយប្រពន្ធហើយបានទាញកន្ត្រៃប្រុងចាក់ប្រពន្ធ ប៉ុន្តែត្រូវបានប្រពន្ធចាប់កាន់កន្ត្រៃនោះដែរ ពេលនោះក៏មានការដណ្ដើមគ្នាទាញទៅទាញមកក៏ត្រូវចុងកន្ត្រៃមុតចំដើមទ្រូងប្ដីតែម្ដង។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូល ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បុរសដែលស្លាប់ខាងលើនេះឈ្មោះ អៀង ជីវ៉ា អាយុ២៥ឆ្នាំ មុខរបរកម្មករនៅសិប្បកម្មផលិតនំបញ្ចុក ចំណែកប្រពន្ធឈ្មោះ អឿន គឹមអាន អាយុ២២ឆ្នាំ អ្នកទាំង២នាក់នេះ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះខាងលើបានស្រវឹងស្រាហើយបានមានទំនាស់គ្នាជាមួយប្រពន្ធ បន្ទាប់មកបានយកកន្ត្រៃក្នុងផ្ទះបំណងចាក់ទៅលើស្រ្តីជាប្រពន្ធ។ដោយមានការភ័យខ្លាចប្រពន្ធបានចូលទៅចាប់កាន់កន្ត្រៃមួយនោះដែរ ដោយនាងកាន់បានខាងដង រីឯប្ដីកាន់ខាងផ្លែ។ខណៈនោះបានទាញដណ្ដើមគ្នាទៅវិញទៅមកស្រាប់តែភ្លាត់កន្រ្តៃបុកចំដើមទ្រូងបណ្ដាលឲ្យមុតដួលរងរបួសធ្ងន់ធ្ងរតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុបុរសរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព ខ្មែ-សូវៀត ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកទើបស្លាប់ ។ បន្ទាប់មកក្រុមគ្រួសារបាននាំយកសាកសពត្រឡប់មកផ្ទះវិញហើយហៅនគរបាល ចុះទៅពិនិត្យកោសល្យវិច័យតាមជំនាញ ចំណែកនគរបាលខណ្ឌដង្កោបានរារាំងមិនឲ្យអ្នកាសែតថតរូបជនរងគ្រោះឡើយ ដោយនិយាយថានេះជាបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ជួនសុវណ្ណ អគ្គស្នងការរងនគរវាលជាតិនិងជាស្នងកសរនគរបាលរាជធានីភ្នំពេញ ហើយសូម្បីតែសាកសពក៏មិនឲ្យថតដែរ ៕ ភារ៉ា ដង្កោ