ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ប្តីប្រពន្ធមួយគូផឹកស៊ីទាស់សម្តីគ្នាយកចំបើងដុតទាំងរស់

ខេត្តសៀមរាប៖ ប្តីចិត្តតិរច្ឆានស្រវឹងស្រាជោកដូចគ្នា ទាស់សម្តីមួយប្រ៉ាវ យកចំបើងមួយឱប មកដុតប្រពន្ធទាំងរស់ ខណៈប្រពន្ធកំពុងដេកលក់ នៅលើអង្រឹងក្រណាត់សំណាញ់ នៅក្រោមផ្ទះរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះឃាត់ខ្លួន ជនសង្ស័​យ ​ភ្លាមៗ រួចយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីរៀបចំកសាងសំ​ណុំរឿង បញ្ជូនមកកាន់ការិយាល័យជំនាញ ហើយបញ្ជូនបន្តទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។

ហេតុការណ៍ដុតប្រពន្ធខ្លួនឯងនោះ បានកើតឡើងនៅវេលាម៉ោង១៦និង១៥នាទីរសៀល ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រោមផ្ទះ ក្នុងភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលយុត្តិធម៌ នៃស្នងការនគរបាលខេត្តសៀមរាបបានប្រាប់ថា 
ជនសង្ស័យ(ប្តី)ដែលដុតប្រពន្ធខ្លួនឯងនោះមាន ឈ្មោះ ឡិញ ឡាយ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក មុខរបរកសិករ​។​ចំណែក ប្រពន្ធ រងគ្រោះឈ្មោះរឿន ហេម ភេទស្រី អាយុ៥៣ឆ្នាំ នៅផ្ទះជុំគ្នា មុខរបរកសិករ។

លោកបានបន្តថា មុនពេលកើតហេតុ មានពលរដ្ឋរាយការណ៍មកឲ្យសមត្ថកិច្ចមូលដ្ឋាន ចុះជយយអន្តរាគមន៍ផង ករណី ប្តី យកចំបើងដុត ប្រពន្ធ បណ្តាលឲ្យរបួសធ្ងន់ ខណៈពេលនោះកម្លាំងនគរបាលមូលដ្ឋានសុំគោលការណ៍ពីថ្នាក់លើ ដើម្បីចុះទៅពិនិត្យកន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យជាប្តី យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកភ្លាមៗផងដែរ ។

លោកបានបញ្ជាក់ថា ដំណើររឿងមុនដំបូង កាលពីវេលាម៉ោង១៦និង១៥នាទី រសៀល ថ្ងៃទី១១ខែមេសា ឆ្នាំ២០១៨ មានករណីអំពើហិង្សាប្រព្រឹត្តិដោយសហព័ទ្ធ ស្ថិតនៅចំណុចក្រោមផ្ទះជនសង្ស័យ បង្កឡើងដោយជនសង្ស័យ ឈ្មោះឡិញ ឡាយ ខាងលើ(ជាប្តី)បានស្រវឹងស្រាទំនាស់សំដី និង ប្រពន្ធឈ្មោះ រឿន ហេម ភេទស្រី អាយុ៥៣ឆ្នាំ នៅផ្ទះជុំគ្នា មុខរបរកសិករ បានធ្វើសកម្មភាព យកចំបើង១អោបទៅដាក់លើប្រពន្ធ រួចយកភ្លើងដុតឆេះចំបើងឆេះលើប្រពន្ធ ខណ:កំពុងដេកអង្រឹងក្រណាត់សំនាញ់នៅក្រោមផ្ទះរបស់ខ្លួនបណ្តាលឲ្យរងរបួសឆេះរលាកជើង-ដៃ ធ្ងន់កំពុងបញ្ជូនទៅសង្គ្រោះពេទ្យបង្អែកខេត្ត ។

មូលហេតុ ប្តីប្រពន្ធផឹកស្រាស្រវឹងដូចគ្នាទាស់សំដី ។

បច្ចុប្បន្នជនសង្ស័យ(ត្រូវជាប្តី)ត្រូវបានកម្លាំងការិយាល័យជំនាញខេត្តកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ប៊ុន​រិទ្ធី