ព័ត៌មានទាន់ហេតុការណ៍៖

ប្តី​ដែល​វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់​ ត្រូវ​តុលាការ​ឃុំ​ខ្លួន​ ,​ ប្រឈម​ជាប់​គុក​៧ឆ្នាំ​ទៅ​១៥ឆ្នាំ​

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុត ប្តីដែលវាយប្រពន្ធរហូតដល់ស្លាប់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

ប្រភពព័ត៌មាន បញ្ជាក់ថា ប្តីរូបនេះ ត្រូវបានលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ ” ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ “តាមមាត្រា២២៤នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល៧ឆ្នាំទៅ១៥ឆ្នាំ ។
គួររំលឹកថា មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងថ្ងៃត្រង់ ទី៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅមុខមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈបុរសម្នាក់ដែលអះអាងថា ជាប្តីបានដឹកប្រពន្ធតាមម៉ូតូរ៉ឺម៉កកង់បីដើម្បីសង្គ្រោះ តែត្រូវខាងគ្រូពេទ្យប្រាប់មិនឱ្យលើកចេញពីក្នុងម៉ូតូនោះទេ ដោយហេតុបានពិនិត្យ និងប្រទះឃើញថា ការពិតនាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

អ្វីដែលកត់សម្គាល់នោះ នៅលើដងខ្លួននារីរងគ្រោះ ជាពិសេសត្រង់ក្បាល ត្រូវគេប្រទះឃើញពោរពេញទៅដោយស្នាមរបួស ដែលទើបវាយដំនាង ធ្វើឱ្យអ្នកដែលចោមរោមមើលឆ្ងល់សួរនាំបុរសជាប្តីនោះ ហើយដំណឹងនេះ ក៏បានដឹងដល់ខាងកម្លាំងសមត្ថកិច្ចចុះទៅសាកសួរដែរ ពាក់ព័ន្ធពីការស្លាប់របស់នាង និងស្លាកស្នាមជាច្រើននៅលើខ្លួនប្រពន្ធនេះ ។

បន្ទាប់មក ករណីនេះត្រូវបានសង្ស័យច្រើន បុរសជាប្តីនោះក៏ត្រូវសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍ចោមចៅ ហើយបានស្គាល់ឈ្មោះសន អឿន អាយុ៣៨ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ។ រីឯប្រពន្ធដែលស្លាប់ឈ្មោះខេន ស្រីខួច អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិប្រាសាទ ស្រុកភ្នំសន្ទុក ខេត្តកំពង់ធំ ពួកគេមានកូន៣នាក់ ក្នុងនោះប្រុស២ ។

បើតាមការឆ្លើយរបស់បុរសជាប្តីនោះថា ខ្លួនបានវាយប្រពន្ធកាលពីយប់ ខណៈមានជម្លោះ ព្រោះខ្លួននិងប្រពន្ធស្រវឹងស្រាដូចគ្នា ។ នៅយប់ដដែលនោះ ប្រពន្ធខ្លួនបានសន្លប់ ក៏ត្រូវខ្លួនជួយកោសខ្យល់ឱ្យ ។ លុះនៅព្រឹកថ្ងៃទី៦ មករា ខ្លួនឃើញប្រពន្ធនៅតែមិនស្រួល ក៏បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ តែគេមិនទទួល ទើបបញ្ជូនបន្តមកមន្ទីរពេទ្យបង្អែកពោធិចិនតុងតែម្តង ៕ ចេស្តា

 

img-20170110-wa0053


ចែករំលែក៖