ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសទប់ស្កាត់ការនាំចូលនិងចែកចាយ ផលិតផលម្សៅទឹកដោះគោសម្រាប់ទារក Dumex

ភ្នំពេញ ៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសូមជម្រាបជូន ដំណឹងដល់សាធារណជនពាណិជ្ជករនាំ ចូល អាជីវករលក់ដុំ និងលក់រាយទាំងអស់ មេត្តាជ្រាបថា អាជ្ញាធរកសិម្ហូបអាហារនិងបសុពេទ្យប្រទេសសិង្ហបុរីបានជូនដំណឹងអំពីការរកឃើញបាក់តេរី Cronobacter sakazakii នៅក្នុងគំរូផលិតផលម្សៅទឹកដោះគោសម្រាប់ទារក Dumex Mamil Gold Infant Milk Formula-Step1 ដែលមាន ប្រភពដើមនៅប្រទេសម៉ាឡេស៊ីនិងនាំចូលដោយក្រុមហ៊ុន Danone Dumex។ នេះជាសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋាន កាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ។

អាជ្ញាធរសិង្ហបុរីបានផ្តល់ការណែនាំ ដល់ក្រុមហ៊ុននាំចូលឱ្យប្រមូលត្រឡប់មកវិញនូវឡូផលិតផលដែលមានបញ្ហានិងផ្តល់ដំបូន្មានដល់អ្នកប្រើប្រាស់សូមកុំប្រើប្រាស់ផ្តល់ជាអាហារសម្រាប់ទារកឲ្យសោះ ។

ការទទួលទានអាហារដែលមានចម្លង ចូលបាក់តេរីនេះបណ្តាលឲ្យមានជំងឺរលាកពោះវៀនធំ ពោះវៀនតូច រលាកស្រោមខួរ ក្បាល ។ល។ ហើយទារកដែលមានអាយុ តិចជាង២ខែ (អាត្រា នៃការស្លាប់មានពី ១០ភាគរយទៅ៨០ភាគរយ) និងជនដែល មានប្រព័ន្ធភាពស៊ាំនឹងការបង្កជំងឺមាន លក្ខណៈទន់ខ្សោយគឺជាជនងាយរងគ្រោះបំផុត ។

អត្តសញ្ញាណផលិតផលម្សៅទឹកដោះ គោសម្រាប់ទារក Dumex Mamil Gold Infant Milk Formula-Step 1 ដែលមាន ចម្លងចូលបាក់តេរី Cronobacter sakazakii មានបញ្ជាក់ជូនក្នុងតារាងភ្ជាប់មកជាមួយ។

ជុំវិញបញ្ហានេះអគ្គនាយកដ្ឋានកាំកុងត្រូលបាននិងកំពុងចាត់វិធានការរួមមាន៖

-ផ្តល់់ព័ត៌មាន និងសហការជាមួយ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធរាំងខ្ទប់មិនឲ្យនាំចូលផលិតផលដូចបានអធិប្បាយក្នុងតារាងជូនភ្ជាប់

-ផ្តល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល អាជីវករលក់ដុំ និងរាយក្នុងករណីមាននំា ចូល និងមានចរាចរណ៍លើទីផ្សារ

-ត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារ ទំនើបដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធីប្រសិនបើមានការដាក់តាំងលក់ ។

ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់សុខភាពជាយថាហេតុ អគ្គនាយក ដ្ឋានកាំកុងត្រូលសូមអំពាវនាវដល់សាធា រណជនកុំទិញផលិតផលដែលមានអត្ត សញ្ញាណដូចបានជម្រាបជូនខាងលើ និងសូមជួយសហការផ្តល់ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ចក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ ។

លេខទូរស័ព្ទទំនាក់ទំនងៈ

ទូរស័ព្ទខ្សែទី១៖ ០១២ ២៧៨ ៧៨៩

ទូរស័ព្ទខ្សែទី២៖ ០៩២ ៩៩៩ ៨៦៧

ទូរស័ព្ទខ្សែទី៣៖ ០១២ ៩៨៥ ៥៧៧

អគ្គនាយកដ្ឋានកាំកុងត្រូលសូមថ្លែង អំណរគុណ និងសង្ឃឹមចំពោះការយកចិត្តទុកដាក់របស់សាធារណជន ពាណិជ្ជករ អាជីវករទាំងអស់លើកិច្ចសហការការពារសុខុមាលភាព អ្នកប្រើប្រាស់ជាពិសេស ទារក កុមារតូច និងមនុស្សចាស់ដែលជា ជនងាយរងគ្រោះឲ្យបានល្អប្រសើរ ៕ ហេង សូរិយា