ព័ត៌មានទាន់ហេតុការណ៍៖

ប្រកួតកីឡាអត្តពលកម្មជើងឯកថ្នាក់ជាតិឆ្នាំនេះ រាជធានីភ្នំពេញជាប់លេខ១

ភ្នំពេញ៖ ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧នេះ រាជធានីភ្នំពេញ ឈ្នះមេដាយមាសបានច្រើនជាង ឈរនៅលេខរៀងទី១ ខណៈដែលក្រសួងការពារជាតិជាប់លេខ២ បន្ទាប់ពីប្រកួតអស់រយៈពេល៣ថ្ងៃនោះគឺពីថ្ងៃទី៦ ដល់រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ហើយពិធីបិទការប្រកួតមានការចូលរួមពីសំណាក់លោកប៊ុន សុខប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តផងដែរ ។

លោក ប៉ែន វុទ្ធី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តបានឲ្យដឹងថា សម្រាប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ មានសមាគម-ក្លិបចំនួន១២មានអត្តពលិកប្រតិភូរាជធានីខេត្ត និងគ្រូបង្វឹក១២៥នាក់ ក្នុងនោះកីឡាការិនី៤១នាក់។

លោកបន្តថា រយៈពេល៣ថ្ងៃនៃការប្រកួត សហព័ន្ធបានដាក់វិញ្ញាសារប្រកួតដូចជារត់ចម្ងាយ១០០ម៉ែត្របុរស-នារី, រត់ចម្ងាយ២០០ម៉ែត្របុរស-នារី, រត់ល្បឿនចម្ងាយ៨00ម៉ែត្របុរស-នារី, រត់បណ្ដាក់១០០ម៉ែត្រ៤ដងបុរស-នារី, រត់ល្បឿនចម្ងាយ១.៥០០ម៉ែត្របុរស-នារី, ចោលថាសបុរស-នារី, ចោលដុំដែកបុរស-នារី, លោតចម្ងាយបុរស-នារី និងលោតបណ្ដាក់៣ដងបុរស-នារី។

រាជធានី-ខេត្តដែលចូលរួមនោះមានខេត្តកណ្ដាល, កំពង់ឆ្នាំង, ព្រៃវែង, បាត់ដំបង, ប៉ៃលិន, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, មន្ទីរអប់រំយុវជន, កីឡារាជធានីភ្នំពេញ, ខេត្តព្រះវិហារ, ស្ទឹងត្រែង, សៀមរាប និងខេត្តតាកែវ។

លោកបន្តថា លទ្ធផលនៃការប្រកួតនេះ គឺរាជធានីភ្នំពេញដណ្ដើមបានចំណាត់ថ្នាក់លេខ១ ដោយរកបានមេដាយមាស៦គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធិ១គ្រឿង។

ក្រសួងការពារជាតិបានចំណាត់ថ្នាក់លេខ២ ដោយរកបានមេដាយមាស៥គ្រឿង មេដាយប្រាក់៣គ្រឿង។

ក្រសួងមហាផ្ទៃបានចំណាត់ថ្នាក់លេខ៣ គឺមេដាយមាស៤គ្រឿង មេដាយប្រាក់១គ្រឿង និងសំរឹទ្ធិ២គ្រឿង។

ខេត្តស្ទឹងត្រែងចំណាត់ថ្នាក់លេខ៤ ដោយដណ្ដើមបានមេដាយមាស២គ្រឿង មេដាយប្រាក់៤គ្រឿង និងខេត្តកណ្ដាលចំណាត់ថ្នាក់លេខ៥ រកបានមេដាយមាស១ គ្រឿងនិងមេដាយសំរឹទ្ធិ៥គ្រឿង។

ក្នុងឱកាសនោះ លោក ប៊ុន សុខមានប្រសាសន៍ថា ការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ដើម្បីផ្តល់ឱកាសដល់កីឡាករកីឡាការិនី និងលើកកម្ពស់ស្មារតីកីឡាករកីឡាការិនី សុះដៅជំរុញឲ្យសមាគម ក្លិប មន្ទីរ ក្រសួង ក្នុងក្របខណ្ឌទូទាំងប្រទេសបានចូលរួមបំផុសចលនា កីឡាអត្តពលកម្ម និងផ្សព្វផ្សាយការហ្វឹកហាត់បង្កើនគុណផលបច្ចេកទេសឲ្យបានល្អប្រសើរ ដើម្បីត្រៀមចូលរួមប្រកួតកីឡាជាតិឆ្នាំ២០១៨ខាងមុខនេះ ៕ សារីម