ព័ត៌មានទាន់ហេតុការណ៍៖

ប្រគល់ថវិកាបានមកពីកម្មវិធីប្រគំតន្ត្រីសប្បុរស ធម៌ជូនមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនិងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌បវរកញ្ញាពិភពលោក (Miss Global 2015) ៤រូបបានចាកចេញពីកម្ពុជាហើយ។ ជាមួយ គ្នានេះកាលពីព្រឹកថ្ងៃទី១៦ ខែឧសភាសមាគមសិល្បករខ្មែរបានរៀបចំកម្មវិធីប្រគល់ថវិកាប្រមាណ៧០ភាគរយដែលបានមកពីកម្មវិធីខាងលើជូនដល់មន្ទីរពេទ្យ គន្ធបុប្ផាបន្ទាប់ពីការប្រគល់ថវិកា៣០ភាគរយជូនដល់មន្ទីរពេទ្យកុមារអង្គររួចមក។

វត្តមានតារានិងសប្បុរសជននាឱកាសនោះរួមមានព្រះអង្គនី សុវណ្ណមុនីរ៉េត,លោកសុះ ម៉ាច, នាយឃ្លោក, អ្នកស្រីចាន់ តារាទី, អ្នកនាងស៊ុន ណារីម៉ូនីកា,លោក អ៊ឹម ជីវ៉ា, លោកជា ណូបូ, លោកមាស សារិទ្ធ, លោកឃ្វីន, អ្នកស្រីត្រឡុង កាណារ៉ូ, លោកលាង ឧត្តម, លោកសោភ័ណ្ឌ តន្រ្តី និងសិល្បករមួយចំនួនទៀតផងដែរ។

លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបញ្ជាក់ថាលោកធ្លាប់សន្យាគ្រាដែល បានយកថវិកាពីអតីតតារាសម្តែងស៊ុក សុភា និងភរិយាចូលដល់មន្ទីរពេទ្យគន្ធបុប្ផា១ម៉ឺនដុល្លារកន្លងទៅលោកបានតាំងចិត្តថានឹងធ្វើពិធីមនុស្សធម៌តាមរយៈការប្រគំតន្រ្តីហើយពេលនេះយើងបានសម្រេចផែនការយើងជាស្ថាពរ។ លោកបន្តថាមិនថាតែរូបលោកនោះទេពោលសិល្បករសិល្បការិនី ទាំងអស់តែងតែមានចិត្តជួយដល់មន្ទីរពេទ្យ គន្ធបុប្ផាទៅតាមលទ្ធភាព។ស្របពេលជាមួយគ្នានេះក៏មានការចូលរួមពីបវរកញ្ញាពិភពលោកមកទស្សនកិច្ចកម្ពុជាក៏បានរំលេចកម្មវិធីប្រគំតន្ត្រីឡើងគ្រាដែលពួកគេទាំងអស់នោះពេញចិត្តដល់កុមារកម្ពុជា។លោកបញ្ជាក់ថាចំពោះថវិកាដែលមាន ពេលនេះសម្តេចតេជោសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចូលរួមចំនួន១៥លានរៀល ផងដែរ។ លោកបញ្ជាក់ថាថវិកាបានពីកម្មវិធីប្រគំតន្ត្រីយើងបានបែងចែកជាពីរជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៧០ភាគរយនិងជូនមន្ទីរពេទ្យកុមារអង្គរ៣០ភាគរយ។ លោកបញ្ជាក់ថាថវិកាសរុបទាំងអស់ដែលប្រគល់ ជូនមន្ទីរពេទ្យពេលនេះជាប្រាក់ខ្មែរមាន ចំនួនជាង៣៥លានរៀលនិងប្រាក់ដុល្លារ ចំនួនជាង៧ពាន់ដុល្លារអាមេរិកដែលសម្រេចជូនមន្ទីរពេទ្យជាផ្លូវការដើម្បីបង្ហាញ ឲ្យបណ្តាសប្បុរសជនដឹងជាទូទៅ។

តំណាងមន្ទីរពេទ្យគន្ធបុប្ផានៃរាជធានីភ្នំពេញបានថ្លែងអំណរគុណចំពោះសមាគមសិល្បករខ្មែរដែលបានរៀបចំការប្រគំតន្ត្រីហើយមានទាំងបវរកញ្ញាលំដាប់ពិភព លោកដើម្បីបង្ហាញទឹកចិត្តជួយដល់កុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យយើង។ ថវិកាដែលបាននេះយើងនឹងចាត់ចែងជាបន្តទៀតសម្រាប់ថ្លៃទិញរបស់របរប្រើប្រាស់ទាក់ទិននឹងសុខភាពជួយដល់ក្មេងៗដែលជាទំពាំងស្នងប្ញស្សី។មន្ទីរពេទ្យយើងនៅតែត្រូវការថវិកាជាបន្តទៀតដើម្បីប្រើនិងជួយក្មេងៗដោយយើងពិតជាត្រូវការជំនួយបន្តហើយរំភើបចិត្តដោយឃើញបងប្អូនគ្រប់មជ្ឈដ្ឋានមានសន្តានចិត្ត ជួយខាងមន្ទីរពេទ្យស្ទើរតែគ្រប់ៗគ្នានេះ បង្ហាញពីទឹកចិត្តជួយគ្នាខ្លាំងណាស់។
គួររំលឹកដែរថា សិល្បរខ្មែរមានលោក អ៊ុក ណារីម, អ្នកនាង ឆោម ឆពុំ, អ្នកនាង ម៉េង កែវពេជ្ជតា, លោក រ័ត្ន មករា, អ្នកនាង ហ៊ឹម ស៊ីវន, លោក ហួរ ឡាវី និងកញ្ញា មាស សុខសោភា និងបវរកញ្ញាពិភពលោក(Miss Global International 2015) បានបង្កើតទស្សនីយភាពដ៏ទាក់ទាញមួយក្នុងកម្មវិធីប្រគំតន្ត្រីលក់សំបុត្រនៅសាលចតុមុខដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានិងមន្ទីរពេទ្យកុមារអង្គរ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃទី៨ ខែ ឧសភា។

គួរបញ្ជាក់ដែរថា មន្ទីរពេទ្យកុមារអង្គរបានផ្តល់សេវាពិនិត្យព្យាបាលជំងឺកុមារអាយុពីពេលកើតរហូតដល់១៦ឆ្នាំចាប់តាំង ពីឆ្នាំ១៩៩៩ដែលជាមធ្យមមានកុមារជាង៥០០នាក់មកពីខេត្តផ្សេងៗនៅកម្ពុជាមកពិនិត្យព្យាបាលនិងថែទាំជារៀងរាល់ថ្ងៃ។ ក្រៅពីនេះមន្ទីរពេទ្យនេះមានសេវាសង្រ្គោះ ២៤ម៉ោង រួមទាំងការវះកាត់តូចធំ វះកាត់ ភ្នែក បេះដូង ផងដែរ។មកដល់សព្វថ្ងៃនេះ មន្ទីរពេទ្យកុមារអង្គរបានទទួលការព្យាបាល ប្រមាណជាង១លាន៥សែន ករណីដែល កើតឡើងចំពោះកុមារកម្ពុជា ជាពិសេស កុមារមកពីតាមជនបទនិងក្រីក្រ។នៅក្នុង ឆ្នាំ២០១៦នេះមន្ទីរពេទ្យកុមារអង្គរមានគម្រោងថវិកាចំណាយលើការពិនិត្យព្យា បាលនិងថែទាំសុខភាពកុមារប្រមាណ ជាង៧លាន១សែនដុល្លារដែលថវិកាទាំង នោះមួយភាគធំបានមកពីជំនួយរបស់ សប្បុរសជននៅបរទេសដូចជាប្រទេស សិង្ហបុរី ហុងកុង អង់គ្លេស ជប៉ុន សហ រដ្ឋអាមេរិក អីុតាលី ម៉ាឡេស៊ី និង អាល្លឺ ម៉ង់ជាដើម។ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផាវិញធ្លាប់ប្រកាសដែរថាក្នុងមួយឆ្នាំៗមន្ទីរពេទ្យនេះបានចំណាយថវិកាប្រមាណជាង៤០លានដុល្លារដើម្បីពិនិត្យ និងព្យាបាលជំងឺដល់កុមារកម្ពុជាជិត១លាននាក់។ ក្រៅពីកុមារមានជំងឺ និងត្រូវបានព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅក៏មានការវះកាត់បេះដូង និងប្រព័ន្ធប្រសាទខួរក្បាល ផ្នែកសម្ភព ពិនិត្យតាមដានផ្ទៃពោះជាដើម។ ថវិកាជំនួយបានមកពីភាគីរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលស្វ៊ីសនិង ថវិកាដែល ប្រមូលបានពីមូលនិធិសប្បុរសជន៕

IMG_0242

IMG_0262

IMG_0264
ដោយ៖ វឌ្ឍនា