ព័ត៌មានទាន់ហេតុការណ៍៖

ប្រឆាំងនឹងច្បាប់តម្លើងពន្ធ ទីព្រឹក្សាសេដ្ឋកិច្ចលោកត្រាំ លាលែងពីតំណែង

កាលពីថ្ងៃទី៦ ខែមីនា សេតវិមានអាមេរិកបានប្រកាសឲ្យដឹងថា ទីព្រឹក្សាសេដ្ឋកិច្ច របស់ប្រធានាធិបតីត្រាំ គឺលោក Gary Cohn បានសម្រេចលាលែងចេញពីតំណែង ដើម្បីប្រឆាំងនឹង នយោបាយតម្លើងពន្ធរបស់លោកត្រាំ ។

នៅក្នុងសេចក្តីប្រកាស លោក Gary Cohn បានបញ្ចាក់យ៉ាងច្បាស់ថា«ពិតជាមោទនភាព ពេលបានបម្រើប្រទេសជាតិ និងជួយជំរុញគោលនយោបាយ បង្កើនកំណើនសេដ្ឋកិច្ចជាតិ នាំមកនៅផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋអាមេរិក ពិសេសគឺការកែប្រែ ច្បាប់ពន្ធជាប្រវត្តិសាស្ត្រ។ ខ្ញុំដឹងគុណប្រធានាធិបតី ហើយសង្ឃឹមថា រដ្ឋាភិបាល និងប្រធានាធិបតីទទួលបានជោគជ័យនៅពេលអនាគត »។

ការសម្រេចលាលែងចេញពីតំណែងរបស់លោក Gary Cohn កើតឡើងក្រោយពេលដែល ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសតម្លើងពន្ធ ខ្ពស់បំផុតមិនធ្លាប់មាន ជាសកម្មភាពប៉ះពាល់យ៉ាងខ្លាំង ដល់សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក ដូចជា កាណាដា និងមិចស៊ីកូជាដើម។ ការដែលទីព្រឹក្សាសេដ្ឋកិច្ចលាលែងពីតំណែង ធ្វើឲ្យមានពាក្យចរចាមអារ៉ាមថា ដើម្បីប្រឆាំងនឹងគោលជំហរ មិនកែប្រែរបស់លោកត្រាំនៅក្នុងការតម្លើងពន្ធនាំចូល ។

មន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលអាមេរិកបានលាលែងពីតំណែងជាបន្តបន្ទាប់ ដោយសារតែមាននយោបាយខ្វែងកំនិតជាមួយប្រធានាធិបតី ត្រាំ ។ ការលាលែងពីតំណែងជាបន្តបន្ទាប់នឹងធ្វើឲ្យរដ្ឋាភិបាល របស់លោកត្រាំ កាន់តែទន់ខ្យោយជាមិនខាន។

កន្លងមក មន្ត្រីការបរទេស នៅមានមន្ត្រីជាច្រើនរូបទៀតដែលធ្វើការនៅក្បែរខ្លួនលោកត្រាំ ត្រូវបានដកតំណែង ឬលាលែង ពីតំណែង ។ មន្ត្រីនៅក្នុងផ្នែកទំនាក់ទំនង របស់ប្រធានាធិបតីត្រាំ មានរហូតដល់ ទៅ៤រូប បានលាលែងពីតំណែង ក្នុងរយៈពេលមិនដល់មួយឆ្នាំផង ។

ការលាលែងចេញពីតំណែងលើកមុននេះ គឺនាយិកាផ្នែកទំនាក់ទំនងរបស់លោកដូណាល់ ត្រាំ។ តួនាទីដែលក្នុងរយៈពេលតែ១៣ខែ សោះ មានការផ្លាស់ប្តូរដល់ទៅបីដងរួចទៅ ហើយ។ លោកស្រី Hope Hicks ដែលជាមនុស្សជំនិតខ្លាំងបំផុតរបស់លោកប្រធានាធិបតី តាំងពីច្រើនឆ្នាំមកហើយ ស្រាប់តែប្រកាសលាលែងចេញតំណែងកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១ ខែមីនា ភ្លាមៗ តែម្តង ក្រោយពីត្រូវបានគណៈកម្មការស៊ើបអង្កេតសភាកោះហៅសាកសួរ កាលពី ថ្ងៃអង្គារ ក្នុងក្របខ័ណ្ឌនៃការអង្កេតសំណុំរឿងរុស្ស៊ីចូលជ្រៀតជ្រែកក្នុងពេលឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក។

តួនាទីជានាយកទំនាក់ទំនង មិនសូវប្រឈមខ្លាំងដូចតួនាទីជាអ្នកនាំពាក្យប្រធានាធិបតីមែន ប៉ុន្តែវាមិនមែនជាការងាយស្រួលឡើយ ក្នុងការដឹកនាំទំនាក់ទំនាក់ឱ្យលោក ដូណាល់ ត្រាំ នោះ៕ ម៉ែវ សាធី