ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាជនកម្ពុជានឹងអាចធ្វើដំណើរតាមផ្លូវដែកទៅកាន់២៧ប្រទេស

ភ្នំពេញ៖ ឆាប់ៗ ខាងមុខនេះ កម្ពុជានឹងមានផ្លូវដែកតភ្ជាប់ទៅកាន់ ២៧ប្រទេស ហើយប្រជាពលរដ្ឋខ្មែរនឹងអាចជិះរថភ្លើងទៅកាន់ប្រទេសទាំងនោះទៀតផង ។ នេះបើតាមការឱ្យដឹងពី លោក លី បូរិន អនុរដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកផ្នែកផ្លូវដែក បានផ្ដល់បទសម្ភាសន៍ជាមួយប្រភពព័ត៌មានក្នុងស្រុកកាលថ្មីៗនេះ ។

លោក លី បូរិន បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាកំពុងដំណើរការគម្រោងថ្មី ដែលហៅថា SKRL(Singapore Kunming Rail Link) គឺនឹងមានផ្លូវដែកចេញពី សិង្ហបុរី មកកម្ពុជា ក្នុងនោះត្រូវឆ្លងកាត់ប្រទេសម៉ាឡេស៊ី ភ្ជាប់ទៅកាន់ប្រទេសថៃ បន្ទាប់មកទៀត នឹងភ្ជាប់មកកាន់កម្ពុជា ហើយបន្តភ្ជាប់ទៅវៀតណាម និងភ្ជាប់ទៅប្រទេសចិន ហើយបច្ចុប្បន្ននេះវៀតណាម បានភ្ជាប់ទៅកាន់ប្រទេសចិនរួចរាល់ហើយ។

អនុរដ្ឋលេខាធិការក្រសួង សាធារណការ បានបន្តទៀតថា ចំពោះគម្រោងតភ្ជាប់ផ្លូវដែកក្នុងតំបន់អាស៊ាននេះ ប្រទេសវៀតណាមត្រូវសាងសង់ ១៣០គីឡូម៉ែត្រទៀត។ ចំណែកកម្ពុជាត្រូវសាងសង់ប្រវែង ២៥៧គីឡូម៉ែត្រ។ ប្រសិនកម្ពុជា និងវៀតណាម សាងសង់រួចរាល់នោះ រទេះភ្លើងអាចរត់ទៅដល់គុនមីង នៃប្រទេសចិនតែម្ដង។

មកដល់ចំណុចនេះលោក មានប្រសាសន៍យ៉ាងដូច្នេះថា៖ “ហើយកាលបើបានភ្ជាប់ចិនហើយ ចិននឹងភ្ជាប់ទៅអឺរ៉ុប បច្ចុប្បន្ននេះភ្ជាប់បានមួយចំនួនហើយ ហើយនឹងត្រូវភ្ជាប់ទៅដល់ប្រទេសទួរគី។ ឥឡូវនេះនៅសល់តែកម្ពុជា និងវៀតណាមប៉ុណ្ណោះ ប្រសិនបើពីរប្រទេសនេះ ភ្ជាប់គ្នាបាន នោះមានន័យថាផ្លូវដែកអាចរត់បានចំនួន២៧ប្រទេសហើយ”។ បើសិនជាតភ្ជាប់បានគ្រប់ប្រទេសផ្លូវនេះមានប្រវែងសរុបរហូតទៅដល់ជាង ៥០០០គីឡូម៉ែត្រ។

NKD-36x6_outline

លោក លី បូរិន បានឱ្យដឹងទៀតថា កម្ពុជាត្រូវសាងសង់ផ្លូវដែកប្រវែង ២៥៧គីឡូម៉ែត្រ ហើយគម្រោងនេះ ក៏បានសិក្សា ចំនួន ៤ដងរួចមកហើយ ក្នុងនោះលើកទី១ ដោយជំនួយឥតសំណងរបស់ចិន និងបន្ទាប់មកទៀតគឺក្រុមហ៊ុន KOICA ប្រទេសកូរ៉េ ។ ចំពោះឯកសារគឺមានគ្រប់គ្រាន់អស់ហើយ គឺនៅតែរង់ចាំថវិកាតែប៉ុណ្ណោះ។ លោក បញ្ជាក់ថា ផ្លូវនេះចាប់ផ្ដើមចេញពីបាត់ដឹង ចន្លោះខេត្តកណ្ដាល និងកំពង់ស្ពឺ កាត់ទៅកំពង់ឆ្នាំង ឆ្លងចូលខេត្តកំពង់ចាម កាត់ខេត្តត្បូងឃ្មុំ បន្តទៅខេត្តក្រចេះ ទើបទៅជួបគ្នាជាមួយព្រំប្រទល់វៀតណាម។

អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ ទទួលបន្ទុកផ្នែក ផ្លូវដែកកម្ពុជារូបនេះ លើកឡើងទៀតថា ផ្លូវដែកដ៏វែងនេះនឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន ព្រោះអាចដឹកបានច្រើន បានធ្ងន់ ហើយតម្លៃថោក មានផលប្រយោជន៍ដល់ប្រជាជន កាលណាបើទំនិញដឹកតម្លៃថោក លក់ចេញក៏ថោកដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនអាចឆ្លងពីប្រទេសមួយទៅប្រទេសមួយ ប្រកបដោយសុវត្ថិភាពខ្ពស់ បើធៀបជាមួយយន្តហោះ។ ជាពិសេសនោះ មិនត្រូវការវីសានោះទេ ត្រូវការតែលិខិតឆ្លងដែនប៉ុណ្ណោះ លើកលែងតែចូលទៅប្រទេសចិន និងអឺរ៉ុប នោះនឹងត្រូវការវីសា៕ ហេង សូរិយា