ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាជនកម្ពុជាមានចំណាប់អារម្មណ៍ខ្លាំងលើភាសាកូរ៉េ

ភ្នំពេញ៖ តាមរយៈការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម សិល្បៈវប្បធម៌ និងលើវិស័យការងារបានធ្វើឲ្យប្រជាជនកម្ពុជាច្រើនបានចាប់ផ្តើមមានចំណាប់អារម្មណ៍សិក្សាលើភាសាកូរ៉េ ។ ជាក់ស្តែងបច្ចុប្បន្នមានប្រជាជនកម្ពុជា ប្រមាណជា៥ម៉ឺននាក់ បានចូលរួមប្រលងធ្វើតេស្ត សមត្ថភាពភាសាកូរ៉េ TOPIK​ ដើម្បីធ្វើការវាស់ស្ទង់សមត្ថភាព ។

លោក អូណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងកម្មវិធីប្រកួតថ្លែងសុន្ទរកថា ភាសាកូរ៉េជាលក្ខណៈអន្តរជាតិ លើកទី២៣ កាលពីថ្ងៃទី១០ ខែសីហាឆ្នាំ២០១៨ នាមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា ឆ្នាំនេះគឺជាខួបទី២១ នៃការបង្កើតឡើងវិញ នូវទំនាក់ទំនងការទូតរវាងសាធារណរដ្ឋកូរ៉េ នឹងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលកន្លងមកនេះប្រទេសយើងទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជានយោបាយសេដ្ឋកិច្ចនិងវប្បធម៌ជាដើមហើយទៅថ្ងៃអនាគតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធបន្ថែមទៀតក្រោមមូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងជម្រុញគោលនយោបាយទិសដៅតំបន់ខាងត្បូងថ្មី ។ លោកបញ្ជាក់ដែរថាការជួបគ្នារវាងប្រជាជននិងប្រជាជនគឺជាចំនុចសំខាន់នៃការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

លោកថាគិតជាមធ្យមប្រចាំឆ្នាំមានភ្ញៀវទេសចរណ៍កូរ៉េនិងកម្ពុជាបានធ្វើដំណើរកំសាន្តឆ្លងទៅប្រទេសកម្ពុជានិងកូរ៉េក្នុងមួយឆ្នាំប្រមាណជា៥០ម៉ឺននាក់ហើយប្រជាជនកម្ពុជាក៏បាននឹងកំពុងតែផ្តល់ចំណាប់អារម្មណ៍ស្តីអំពីវប្បធម៌និងភាសាកូរ៉េកាន់តែខ្លាំងឡើងជាលំដាប់។នៅក្នុងប្រទេសកម្ពុជាមានសកលវិទ្យាល័យចំនួន៥ដោយរួមទាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរបានបើកដេប៉ាតឺម៉ង់ភាសាកូរ៉េហើយជារៀងរាល់ឆ្នាំមានប្រជាជនកម្ពុជាប្រមាណជា៥ម៉ឺននាក់បានចូលរួមប្រលងធ្វើតេស្តសមត្ថភាពភាសាកូរ៉េTOPIK ដែលនេះបង្ហាញអោយឃើញថាប្រជាជនកម្ពុជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងស្តីអំពីភាសាកូរ៉េ។ លោកបន្តថាមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេចំណាប់អារម្មណ៍ចំពោះការពង្រីកវប្បធម៌និងភាសាកូរ៉េគឺជារលកយ៉ាងទូលំទូលាយពាសពេញលើសកលលោក។ប្រសិនបើយុវជនទូទាំងពិភពលោកនិងយុវជនកូរ៉េកាន់តែយោគយល់គ្នាទៅវិញទៅមកតាមរយៈភាសានោះខ្ញុំជឿរជាក់ថាវានឹងជួយអោយប្រទេសនានាលើសកលលោកកាន់តែមានភាពជិតស្និទ្ធរវាងគ្នានឹងគ្នាហើយវាក៏នឹងចូលរួមចំណែកក្នុងការពង្រីកសន្តិភាពពិភពលោកផងដែរ។

លោកសង្ឃឹមថាកម្មវិធីដែលត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជានាថ្ងៃនេះនឹងជួយធ្វើការផ្សព្វផ្សាយភាសាកូរ៉េអោយបានកាន់តែទូលំទូលាយទៅទូទាំងសកលលោកព្រមទាំងក្លាយទៅជាជំនួយក្នុងការអភិវឌ្ឍវប្បធម៌ផងដែរហើយសង្ឃឹមថាកម្មវិធីនេះនឹងក្លាយទៅជាគន្លឹះដ៏សំខាន់ក្នុងកិច្ចការផ្លាស់ប្តូរវប្បធម៌រវាងសាធារណរដ្ឋកូរ៉េជាមួយនឹងប្រទេសកម្ពុជាក៏ដូចជាប្រទេសនានាផ្សេងទៀតនៅក្នុងសកលលោក។

គួរបញ្ជាក់ដែរថា កម្មវិធីប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េគឺកម្មវិធីនេះត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩៦ក្នុងគោលបំណងដើម្បីជួយជម្រុញអោយជនជាតិកូរ៉េខាងជើងនិងខាងត្បូងសរុប៧០លាននាក់និងប្រជាជនកូរ៉េដែលកំពុងរស់នៅបរទេសសរុបប្រមាណជា៧.៥លាននាក់អាចប្រើប្រាស់អក្សរនិងនិយាយភាសាកូរ៉េអោយបានត្រឹមត្រូវច្បាស់លាស់ល្អ។ បេក្ខជន-បេក្ខនារីដែលចូលរួមប្រកួតក្នុងកម្មវិធីនេះនឹងធ្វើការថ្លែងសុន្ទរកថាស្តីអំពីបំណងប្រាថ្នាដើម្បីអោយមានការរួបរួមគ្នានៅឧបទ្វីបកូរ៉េនិងការប្រើប្រាស់ភាសាកូរ៉េក្នុងការធ្វើការប្រាស្រ័យទាក់ទងនៅក្នុងសកលលោកហើយបេក្ខជន-បេក្ខនារីដែលទទួលបានពិន្ទុខ្ពស់ជាងគេនឹងទទួលបានពានរង្វាន់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េនិងរង្វាន់បន្ថែមទៀតប្រមាណជា២លានវ៉ុន៕ វឌ្ឍនា