ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋក្នុងភូមិប្រមូលផ្តុំគ្នា តវ៉ារឿង គេបិទផ្លូវ និងចាក់ដីលុបស្រះទឹកក្នុងវត្ត

ខេត្តកណ្តាល : ប្រជាពលរដ្ឋជិត​២.០០០នាក់រស់នៅក្នុងភូមិព្រៃបាំង, ភូមិម៉ែបាន, ភូមិកំពង់ល្វា, ភូមិស៊ីធរលិច, ភូមិស៊ីធរកើត និងភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល បាននាំគ្នាប្រមូលផ្តុំនៅមុខវត្តព្រៃបាំង ដើម្បីតវ៉ានឹងសកម្មភាព របស់ជនម្នាក់បានចាក់ដីលុបស្រះទឹកក្នុង វត្ត និងបិទផ្លូវរំលោភ យកធ្វើកម្មសិទ្ធិ ផ្ទាល់ខ្លួន ។ ករណីតវ៉ានេះបានធ្វើឡើងកាល ពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅវត្តព្រៃបាំង ស្ថិតក្នុងភូមិ ព្រៃបាំង ឃុំ ស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

តំណាងប្រជាពលរដ្ឋម្នាក់ឈ្មោះ នឿន រិនបានឱ្យដឹងថា ដីស្រះទឹកក្នុងវត្តព្រៃបាំង នេះ គឺជាទ្រព្យសម្បត្តិសាធារណៈដែលពួកគាត់ ប្រើប្រាស់ជាយូរលង់ណាស់មកហើយ រហូតមកដល់សព្វថ្ងៃនេះ ។ ស្រាប់តែនៅ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ មានជន ម្នាក់ឈ្មោះ អេង ចំរើន បានមកចាក់ដី លុបស្រះទឹកក្នុងវត្ត និងបិទផ្លូវខ្នងទំនប់ ស្រះទឹករំលោភយកធ្វើជាកម្មសិទ្ធិរបស់ ខ្លួនដោយអះអាងថា ដីស្រះនេះជាដីរបស់ ខ្លួន ហើយមានលិខិតបញ្ជាក់សិទ្ធិកាន់កាប់ដីធ្លីទទួលស្គាល់ពីមេភូមិផង ។ ដោយ មើលឃើញសកម្មភាព ចាក់ដីរំលោភយកដីស្រះជាទ្រព្យសម្បត្តិសាធារណៈនេះទើបពួកគាត់បានផ្តិតមេដៃធ្វើលិខិតស្នើសុំដល់លោកមេឃុំស៊ីធរឱ្យជួយរកដំណោះស្រាយ តែមកដល់ថ្ងៃនេះ អាជ្ញាធរមិនមានដំណោះ ស្រាយឲ្យពួកគាត់ទេ ។

តំណាងប្រជាពលរដ្ឋបន្តថា ពួកគាត់ ប្រមូលផ្តុំតវ៉ាថ្ងៃនេះ គឺសូមសំណូមពរឲ្យលោកអភិបាលខេត្តកណ្ដាលជួយរកយុត្តិធម៌ ព្រោះបុគ្គលឈ្មោះ អេង ចំរើន នៅតែបន្តធ្វើសកម្មភាពចាក់ដីលុបស្រះយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដដែល ហើយថែម ទាំងចិញ្ចឹមជ្រូក និងត្រីក្នុងស្រះនោះទៀត ធ្វើឲ្យខូចបរិស្ថានទឹកស្អុយ មិនអាចដង យកទៅប្រើប្រាស់បាន ។ ហេតុដូច្នេះពួក គាត់​សូមសំណូមពរឲ្យសាម៉ីខ្លួនម្នាក់នោះរើចេញពីដីវត្តដើម្បីទុកស្រះទឹកមួយនេះប្រើប្រាស់ជាប្រយោជន៍រួម ។ ប្រជាពលរដ្ឋ បញ្ជាក់ថា ទោះបីជនរូបនេះ រំលោភបំពាន យកផ្លូវសាធារណៈ និងដីវត្តយ៉ាងនេះក្តី ក៏អាជ្ញាធរឃុំ-ស្រុកមានការព្រងើយ កន្តើយ ហើយលោកអភិបាលអភិបាលរងស្រុកទទួលផែនដោះស្រាយវិវាទដីធ្លី មិនបានយកចិត្តទុកដាក់ពីការរំលោភទន្ទ្រានយកដីវត្ត និងដីសធារណៈនេះទេ ទោះបី ប្រជាពលរដ្ឋបានព្យាយាមសុំជំនួយអន្តរា គមន៍ពីលោកមេឃុំ អភិបាលស្រុកជាច្រើន លើកច្រើនសាមកហើយក្តី ។

ពាក់ព័ន្ធនឹងករណីឈ្មោះ អេង ចំរើន អះអាងថាមានលិខិតបញ្ជាក់សិទ្ធិកាន់កាប់ដីធ្លី លោក ផល សុភ័ណ មេភូមិព្រៃបាំង បានឱ្យដឹងថា ដីស្រះទឹកខាងលើ ពិតជាដី វត្តជាទ្រព្យសម្បត្តិសាធារណៈប្រាកដមែន ហើយ លិខិតបញ្ជាក់សិទ្ធិនោះធ្វើឡើងសម្រាប់ឱ្យសាមីខ្លួន (អេង ចំរើន) ខ្ចីប្រាក់ ពីធនាគារ តែប៉ុណ្ណោះ ហើយគេខ្ចី ឬមិនខ្ចី គាត់ក៏មិនបានដឹងដែរ ។ ដូចនេះលិខិត បញ្ជាក់នេះមិនមានប្រសិទ្ធភាពនោះឡើយ ។ ចំណែកលោកអេង ចំរើន នគរវត្តមិនអាច រកការបកស្រាយបានទេចំពោះការតវ៉ារបស់ប្រជាពលរដ្ឋព្រោះគ្មានលេខទូរស័ព្ទ ៕ ដោយ​ ៖ ស្អាងជ័យ
IMG_9913

IMG_9914

IMG_9915

IMG_9916