ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ និងរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន៣២០គ្រួសារ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក្រីក្រចាស់ជរា ជនពិការ និងរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន៣២០គ្រួសារ មកពីក្រុងបាវិត ស្រុកចន្ទ្រា និងស្រុកស្វាយទាប បានទទួលអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃសៅរ៍ ១១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ក្រោមការចូលរួមពីលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅបរិវេណទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត ស្រុកចន្ទ្រា និងស្រុកស្វាយទាប ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមនៅថ្ងៃនេះ ដែលជានិច្ចកាលសម្ដេច លោកតែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង មិនថាជិត ឬឆ្ងាយនោះទេ បើទោះបីជាសម្ដេច លោកមិនបានអញ្ជើញមកដោយផ្ទាល់ ប៉ុន្តែលោកបានក្រើនរំលឹក ណែនាំ និងស្នើដល់សាខា អនុសាខាកាកបាទក្រហមកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែឧស្សាហ៍ចុះជួបជួយសង្គ្រោះ និងដោះស្រាយនូវបញ្ហារបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នៅពេលដែលបានដឹង ឮ និងទទួលព័ត៌មានថាមានបងប្អូនប្រជាពលរដ្ឋកំពុងជួបនូវការលំបាក ។

លោកក៏បានបញ្ជាក់ថា ជាការពិតណាស់អំណោយមនុស្សធម៌នៅថ្ងៃនេះ គឺមានចំនួនតិចតួច ពិតមិនអាចបំពេញតាមតម្រូវការរបស់បងប្អូនជាយូរអង្វែង និងអចិន្ត្រៃយ៍បាននោះទេ ប៉ុន្តែក៏ជាចំណែកមួយសម្រាប់ជួយដោះស្រាយ និងទ្រទ្រង់ជីវភាពរបស់បងប្អូនបានមួយកម្រិត ឆ្លើយតបទៅនឹងតម្រូវជាក់ស្ដែងដែលបងប្អូនកំពុងជួបប្រទះ និងរងគ្រោះនៅពេលនេះ ។

ទន្ទឹមនេះ អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះជារដូវភ្លៀង រដូវទឹកឡើង ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ លង់ទឹក សត្វអសិរពិសចឹក ឬខាំ និងខ្យល់កន្ត្រាក់ ជាដើម ហើយក្នុងករណីមានបញ្ហាអ្វីកើតឡើងក្នុងគ្រួសារ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីមានវិធានការចុះអន្តរាគមន៍ជួយដោះស្រាយឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ អប់រំកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ផងដែរ ៕ យឹម សុថាន


ចែករំលែក៖