ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋឃុំកក់ចាញ់បោកអស់ប្រាក់ជិត៥លានដុល្លារក្រោមរូបភាពចងការប្រាក់តៗគ្នា

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋប្រមាណ២០០នាក់រស់នៅឃុំកក់ ស្រុកពញាក្រែក បាននាំគ្នាមកកាន់សាលាខេត្ត ត្បូងឃ្មុំកាល ពីព្រឹកថ្ងៃ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ក្នុងគោលបំណងជួបលោកអភិបាល ខេត្តដើម្បីឲ្យជួយអន្តរាគមន៍ករណីពួកគាត់បានចាញ់កលល្បិចអំពើឆបោកប្រាក់រហូត ដល់ទៅជាង៥លានដុល្លារ និងសូមឲ្យច្បាប់ជួយផ្តល់គតិយុត្តិធម៌ជូនពួកគាត់ ។

មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តមួយរូបបានបង្ហើបថា ក្រោយពីទទួលបានបទ បញ្ជាពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តនោះកម្លាំងបានចុះស្រាវជ្រាវ និងស៊ើបអង្កេតដោយមានកិច្ចសហការពីសំណាក់កម្លាំងខេត្ត និងនគរ បាលស្រុកពញាក្រែកចាប់ពីថ្ងៃទី៧ ខែធ្នូ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ដោយបាន រកឃើញពលរដ្ឋ៣៥នាក់ក្នុងចំណោម១២៤នាក់សរុបទឹកប្រាក់១៧.៣៨៨.០០០.០០០រៀល ក្នុងនោះមានពលរដ្ឋបានដាក់ប្លង់ដីផ្ទះ ដីស្រែ និងដីចម្ការនៅធនាគារឯកជន ចំនួន៨នៅក្នុងខេត្តត្បូងឃ្មុំ ។

ប្រភពដដែលបានបន្តថា ប្រជាពលរដ្ឋដែលបានខ្ចីលុយពីធនាគារក្នុងនោះមកពីតាមបណ្តាភូមិដូចជា ភូមិកក់ ភូមិកណ្តោល ជ្រំ ភូមិក្រែកជើង ភូមិកោងកាង ស្រុកពញា ក្រែកដែលបានយកលុយមកចងការប្រាក់ឲ្យទៅឈ្មោះ អាន ធារី ហៅណយ ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិត្រពាំងស្ទៀង ឃុំកក់ ស្រុកពញាក្រែកជាមេខ្លោងដែលបានដើរប្រមូលចងការប្រាក់ពីពលរដ្ឋច្រើនជាងគេ សរុបមានចំនួនរហូត៦.៧៤១.០០០.០០០រៀល ហើយបានយកប្រាក់ទាំងនេះទៅ ចងការបន្តឲ្យឈ្មោះ ប៊ុត សុខ ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋនាំគ្នាទៅសាលាខេត្តក្នុងគោលបំណងឲ្យអាជ្ញាធរខេត្តជួយពន្លឿន បណ្តឹងរបស់ពួកគាត់ហើយនៅព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៧ រូបលោកបានចាត់ ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តទទួលបណ្តឹងពលរដ្ឋបន្ថែមដែលបានចាញ់កលល្បិចរឿងចងការប្រាក់បានកើនដល់ទៅជិត២០០នាក់ដែលតាមតួលេខបូកសរុបជាង៥លានដុល្លារឯណោះគឺកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់កំពុងតែចាត់ការរឿងខាងលើនេះឲ្យបានលឿនទៅតាមច្បាប់ហើយ ដែរ ៕ ហេង នរិន្ទ្រ