ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនិងអាជ្ញាធរធ្វើពិធីអន្ទងបារមីលោកតាស្រុះភ្នំដោះក្រមុំឲ្យចូលរូបវិញ

ខេត្តមណ្ឌលគិរី ៖ បងប្អូនជនជាតិដើម ភាគតិចព្នងដោយមានការចូលរួមពីអាជ្ញាធរខេត្តនិងមន្ត្រីជាន់ខ្ពស់ពីទីស្តីការគណៈ រដ្ឋមន្ត្រីកាលពីថ្ងៃទី១៨ ខែតុលា បានរៀបចំធ្វើពិធីអន្ទងបារមីលោកតាស្រុះភ្នំដោះ ក្រមុំឲ្យត្រឡប់មកវិញ ក្រោយពីរូបសំណាករបស់លោកតាត្រូវជនវិកលចរិតវាយបំបាក់ ក និងដៃកាលពីពេលកន្លងទៅថ្មីៗនេះ។

លោក សី ទូច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរីបានឲ្យដឹងថា ពិធីនេះប្រារព្ធឡើងជាពីរប្រពៃណី ទី១.តាមបែបព្រះពុទ្ធសាសនានិងតាមបែបព្រហ្មញ្ញសាសនាដោយមាននិមន្តព្រះសង្ឃសូត្រជយន្តោលើករាសីនិងប្រសិទ្ធពរជ័យមានគ្រឿងបណ្តាផ្កាភ្ញីមានលោកអាចារ្យ ជួយអន្ទងបារមីហើយ ទី២. តាមបែបប្រពៃណីជនជាតិដើមភាគតិចព្នងគឺមានការបូជានូវឈាមសត្វដូចជា មាន់ ជ្រូក និងក្របី និងមានស្រា ពាងផងដែរ ដើម្បីឲ្យមានភាព សក្តិសិទ្ធិនិងបារមីរបស់លោកតាស្រុះកាន់តែខ្លាំងឡើង។

លោក ចឹង សុចន្ថា អភិបាលរងខេត្ត មណ្ឌលគិរីបានមានប្រសាសន៍ថា ការរៀប ចំពិធីនេះឡើងក្នុងគោលបំណងដើម្បីអន្ទងបារមីលោកតាស្រុះឲ្យមកសណ្ឋិតនៅក្នុងរូបសំណាករបស់លោកតាវិញដែលបាន ជួសជុលកែលម្អរួច បន្ទាប់ពីជនវិកលចរិតបានបំផ្លាញធ្វើឲ្យខូចខាតកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦។ ម្យ៉ាងទៀត គឺដើម្បី ថ្លែងអំណរគុណដល់បារមីរបស់លោកតាស្រុះភ្នំដោះក្រមុំដែលកន្លងលោកតាតែងតែបានជួយប្រោះព្រំនិងថែរក្សាផ្តល់សេចក្តីសុខគ្រប់ប្រការដល់ប្រជាពលរដ្ឋទូទៅ។ លើសពីនេះទៀតបារមីលោកតាត្រូវបានគោរពប្រតិបត្តិពីព្រះមហាក្សត្រ ប្រមុខរាជ រដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិ បាលផងដែរ។

NKD-36x6_outline

លោក ខូយ ឃុនហួរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរខេត្ត អាជ្ញាធរក្រុង និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ថែរក្សាការពាររមណីយដ្ឋានភ្នំដោះក្រមុំនិងអាស្រមលោកតាស្រុះឲ្យបានល្អប្រសើរសក្តិសមជាកន្លែងដែលថ្នាក់ដឹកនាំជាន់ខ្ពស់និងប្រជាពលរដ្ឋទូទៅមកគោរពបូជា។ម្យ៉ាងទៀតភ្នំដោះក្រមុំនេះ ជារមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តលើភ្នំមួយនេះ ដើម្បីមើលទេសភាពក្នុងក្រុងសែនមនោរម្យ ជាពិសេសស្រូបយកអាកាសធាតុល្អបរិ សុទ្ធផងដែរ។

លោករដ្ឋលេខាធិការក៏បានបួងសួងដល់បារមីលោកតាស្រុះសូមកុំឲ្យប្រកាន់ចំពោះអ្នកប្រព្រឹត្តជាមួយនឹងអ្នកថានិង ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូន ជនជាតិដើមភាគតិចតែម្តងគឺត្រូវរួមសាមគ្គីគ្នារស់នៅឲ្យបានសេចក្តីសុខ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលទទួលបានការ រីកចម្រើនដូចសព្វថ្ងៃនេះ៕ ហេង សូរិយា

asd-4