ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅខណ្ឌ៧មករា លើកយកបញ្ហាគ្រឿងញៀនហ្គេម សុខាភិបាល សន្ដិសុខ លូ ផ្លូវ ទឹក ភ្លើង មែកឈើ សំរាមស្អុយ និងចរាចរណ៍ ជាកង្វល់របស់ពួកគាត ក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សារាជធានី

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅ ខណ្ឌ៧មករា ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរ ជួយដោះស្រាយ រឿងក្មេងទំនើងប្រើប្រាស់គ្រឿងញៀន សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ សុខា ភិបាល ផ្លូវ ស្ដារលូ ភ្លើងបំភ្លីសាធារណៈ បញ្ហាមែកឈើងាប់ធ្លាក់មកលើប្រជាពលរដ្ឋ សំរាមស្អុយ ​ បញ្ហាចរាចរណ៍ ហ្គេម​បាញ់​ត្រី ជាដើម ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រព្រឹត្ដទៅថ្ងៃពុធ ៨កើតខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ តុលា ឆ្នាំ២០១៨ នៅវិទ្យាល័យបាក់ទូក ក្រោមអធិបតីភាព លោក​ ជួប ខុន សមាជិក ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ។

លោក ​ ជួប ខុន សមាជិកក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានមាន​ប្រសាសន៍​ថា​៖ វេទិកាផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ​ធ្វើ​ឡើង​រៀងរាល់​មួយ​ឆ្នាំ​ម្តង​ តែ​នៅ​ថ្នាក់​សង្កាត់ ​និង​ខណ្ឌ​តែង ​តែ​ធ្វើ​ជា​ប្រចាំ​ ក្រោយពី​បញ្ចប់​វេទិកា​ពិគ្រោះ​យោ​លបល់ ​គឺ​យើង​បូក​សរុប​បញ្ហា ​ដែល​ប្រជាពលរដ្ឋ​ស្នើរឡើង ​និង​ការចង់បាន​របស់​ប្រជា​ពលរដ្ឋ ហើយ​ដាក់​ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍ ​ដើម្បី​បំពេញ​ការចង់ បាន រ​បស់​ប្រជាពលរដ្ឋ ​។​

លោក ជួប ខុន ក៏​បាន​ស្នើរសុំ​ឲ្យ​ប្រជាពលរដ្ឋ​លើកឡើងនូវបញ្ហាប្រឈមនានា ក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញដោះស្រាយ ជូនបងប្អូន ។ ក្នុងឱកាស​នោះ លោកក៏​បានកោតសរសើរ​ ចំពោះ​កម្លាំង​មាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ដែល​បាន​បង្ក្រាប​បទល្មើស​ជាប្រចាំ ពិសេស​លើ​ការបង្ក្រាប​គ្រឿងញៀន​ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនបានល្អកន្លងមក ។ នេះជាការ​បង្ហាញ​ពី​ការ​ចូក​រួម​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​ មានសុវត្ថភាពបាន​ល្អ​។​

លោកបានបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហាសំខាន់ជាច្រើន ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាគ្រឿងញៀញ សុខភាព ទឹក ភ្លើង និងបញ្ហាអភិវឌ្ឍន៏មូលដ្ឋាន។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋជាច្រើននាក់ បានឡើងមកស្នើរសុំដល់អាជ្ញាធររាជធានីភ្នំពេញ ជួញដោះស្រាយជាច្រើនករណី ដែលភាគច្រើនជាពាក់ព័ន្ធ នឹងការងារសាធារការ ដូចជា បញ្ហាដាក់អំពូលភ្លើង បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង ផ្លូវ បញ្ហាដាក់លូ បញ្ហាកាប់ដើមឈើ និងកាប់មែកឈើ បញ្ហា ចរាចរណ៍ ដើម្បីងាយស្រួលកាត់បន្ថយគ្រោះថ្នាក់ចរាចរ បញ្ហាកែឈ្មោះលើសៀវភៅគ្រួសារ ការចុះបញ្ជីឈ្មោះក្មេងតូចៗ ចូលក្នុងសៀវភៅគ្រួសារ នៅសាលាខណ្ឌមានការយឺតយ៉ាវ។

លោកស្រី កែវ សុខពិសី អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់ថា​៖ សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ការចូលរួម មតិយោបល់ និង​លើក​ឡើង​នូវសំណើរ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិត​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បាន​ធ្វើឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំងនូវ​ចំណុច​អសកម្ម​នា​នា ពេលកន្លងមក ដើម្បី​រដ្ឋបាល​រាជធានី​ធ្វើ​ការកែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ​ឲ្យបាន​ល្អ​ប្រសើ​រ និងស្វែងរក​នូវ​ដំណោះស្រាយ ​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ​ក្នុង​នាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​។

សូមបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង សម្រាប់មួយខណ្ឌនីមួយៗ មានន័យថា ទាំង១២ខណ្ឌ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងធ្វើឡើងចំនួន១២ ដងផងដែរ ៕ សំរិត