ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងបានសំដែងចេញក្តីព្រួយបារម្ភពីបញ្ហាផលប៉ះពាល់សុខភាពនៅពេលមន្រ្តីជំនាញកាំកុងត្រូលពិនិត្យរកឃើញសារធាតុគីមីបូរ៉ាក់នៅក្នុងផលិតផលចំណីអាហារ និងទំនិញខូចគុណភាពនៅទីផ្សារខេត្តបាត់ដំបង ជាបន្តបន្ទាប់

ខេត្តបាត់ដំបង៖ ​ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងបានសំដែងចេញនូវក្តីព្រួយបារម្ភពីបញ្ហាផលប៉ះពាល់សុខភាពនៃការប្រើប្រាស់ទទួលទានផលិតផលចំណីអាហារ គ្រាដែលមន្រ្តីជំនាញកាំកុងត្រូលបានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពលផិតផលចំណីអាហារនៅលើទីផ្សារខេត្តបាត់ដំបងក្នុងរយៈពេលចុងក្រោយនេះរកឃើញសារធាតុគីមីបូរ៉ាក់ហាមឃាត់ខុសច្បាប់នៅក្នុងផលិតផលចំណីអាហារមីសរសៃលឿង សរសៃគុយទាវធំ និងទំនិញខូចគុណភាពមួយចំនួនទៀតជាបន្តបន្ទាប់ ដែលចរាចរណ៍នៅលើទីផ្សារខេត្តបាត់ដំបងនោះ ។

ការរកឃើញផលិតផលចំណីអាហារមានផ្ទុកសារធាតុគីមីហាមឃាត់ខុសច្បាប់ និងទំនិញខូចគុណភាពពីសំណាក់ មន្រ្តីជំនាញធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨​ ខណៈដែលមន្រ្តីជំនាញចុះទៅពិនិត្យផលិតផលចំណីអាហារនៅផ្សារចំនួន២ គឺផ្សារ​ស្រុក​សង្កែ​ និងផ្សារលើ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

ការរកឃើញផលិតផលចំណីអាហារមានផ្ទុកសារធាតុគីមីនោះដែរបន្ទាប់ពីរយៈពេលប្រហែល១ខែមុននេះ មន្រ្តីជំនាញក៏ធ្លាប់ពិនិត្យរកឃើញសារធាតុគីមីបូរ៉ាក់នៅក្នុងផលិតផលចំណីអាហារមីសរសៃលឿង សរសៃគុយទាវធំ នៅក្នុងផ្សារទីផ្សារក្រុងបាត់ដំបងនោះផងដែរ ។

​បើតាមមន្រ្តីជំនាញកាំកុងត្រូលប្រាប់ឱ្យដឹងថា មីសរសៃលឿង និងសរសៃគុយទាវធំមានផ្ទុកសារធាតុគីមី មានចំនួនជិត២គីឡូក្រាមបានរងការដកហូតដើម្បីទុកដុតកំទេចចោល ចំណែកទំនិញផលិតផលចម្រុះខូចគុណភាពមានចំនួន១២គីឡូក្រាម ក៏ត្រូវបានដកហូតនោះផងដែរ ។

សារធាតគីមីបូរ៉ាក់មន្រ្តីជំនាញធ្លាប់ប្រាប់ឱ្យដឹងទៀតថាជាសារធាតុគីមីត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ដាក់នៅក្នុងផលិតផលចំណីអាហារនោះឡើយ វាបង្កប៉ះពាល់បញ្ហាក្រលៀន តម្រងនោម ថ្លើម ប្រម៉ាត់ ពោះវៀនក្រពះ ហើយបើសិនប្រើប្រាស់លើសកំរិតអាចពុលស្លាប់ភ្លាមៗ ។ សារធាតុគីមីបូរ៉ាក់គឺគេប្រើប្រាស់សម្រាប់ដាក់ផលិតផលចំណីអាហារឱ្យស្វិត រក្សាគុណភាព និងរក្សាសម្រស់បានយូរ ។

​បើតាមសេចក្តីរាយការណ៍ពីខេត្តបាត់ដំបងឱ្យដឹងថា មុន និងមន្រ្តីជំនាញចុះត្រួតពិនិត្យរកឃើញដកហូតផលិតផលចំណីអាហារមានផ្ទុកសារធាតុគីមីបូរ៉ាក់ក្នុងមីសរសៃលឿង និងសរសៃគុយទាវធំជិត២គីឡូក្រាមគឺផលិតផលចំណីអាហារទាំង២ប្រភេទនេះត្រូវបានអាជីវករលក់ទៅឱ្យប្រជាពលរដ្ឋទិញយកទៅទទួលទានជិតអស់ទៅហើយ ។ ពាក់ព័ន្ធបញ្ហានេះ ប្រជាពលរដ្ឋក៏បានសំណូមពរឱ្យមន្រ្តីជំនាញកាំកុងត្រូលនៃខេត្តបាត់ដំបង មេត្តាជួយពង្រឹងនៃការចុះត្រួតពិនិត្យផលិតផលចំណីអាហារជាប្រចាំ ធានាបាននូវសុវត្ថិភាពគុណភាពផលិតផលចំណីអាហារ សម្រាប់ប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់ទទួលទានគ្មានការព្រួយបារម្ភ ។

​សូមរំលឹកថា ខេត្តបាត់ដំបងកាលពីប៉ុន្មានឆ្នាំមុននេះមន្រ្តីជំនាញធ្លាប់ពិនិត្យរកឃើញបញ្ហាការផលិតណែមត្រីមានផ្ទុកសារធាតុគីមីបូរ៉ាក់ជាច្រើនតោន បញ្ហានោះត្រូវបានដោះស្រាយក្រោយមន្រ្តីជំនាញ និងអាជ្ញាធរបានចុះអប់រំណែនាំ និងការពង្រឹងត្រួតពិនិត្យទីតាំងសិប្បកម្មផលិតណែម ៕ សំ វិច្ឆិកា